(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់ គណបក្សសង្រ្គោះជាតិ (CNRP) គ្រោងនឹងនាំធាតុស្វាមី របស់លោកស្រីដែលជា ជនជាតិអាមេរិក មកប្រទេសកម្ពុជា នៅយប់នេះ ហើយតាមគម្រោងនឹងមកដល់ នៅម៉ោង ១០៖៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះតែម្តង។

ខណៈដែលកំពុងនាំធាតុស្វាមីមកកម្ពុជានេះ លោកស្រី មូ សុខហួរ បានសរសេរនៅលើទំព័រ Facebook ថា «នេះជារូបក្រុមគ្រួសារខ្ញុំ ហើយថ្ងៃស្អែក ទី២០ មេសា ២០១៦ ម៉ោង ១០:៣០ នាទីយប់ ខ្ញុំនឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ ហើយយើងនឹងសាមគ្គីគ្នា តស៊ូជាមួយគ្នា ទៅមុខតទៅទៀត ការងារយើងនៅច្រើនណាស់ ។ ខ្ញុំគោរព ស្រឡាញ់ និង នឹកប្រជាពលរដ្ឋខ្ញុំជានិច្ច»។

លោក ស្កុត ឡេពឺត ដែលជាស្វាមីរបស់លោកស្រី មូរ សុខហួរ បានទទួលមរណភាព នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ដោយសារជំងឺមហារីក។ លោកស្រី មូរ សុខហួរ និងស្វាមី បានជួបគ្នាពេលបម្រើការងារ នៅក្នុងជំរំឫទ្ធីសែន ក្នុងប្រទេសថៃ នាអំឡុងឆ្នាំ១៩៨៣។ ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានកូនស្រីចំនួន ៣នាក់៕