(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសានេះបានប្រកាសថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ខ្លួននឹងដាក់ឲ្យដំណើរការ ប្រព័ន្ធទូទាត់រាយភ្លាមៗ (Fast System) ដែលជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយ សម្រាប់ផ្ទេរមូលនិធីអន្តរគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

បើយោងតាមប្រភពព័ត៌មានពី Facebook Page ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបាន អភិវឌ្ឍប្រព័ន្ធទូទាត់រាយភ្លាមៗ (FAST System) ដែលជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយ សម្រាប់ប្រតិបត្តិការផ្ទេរមូលនិធិអន្តរគ្រឹះស្ថានធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាប្រាក់រៀល ដែលនឹងអាចឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ (Real Time)។

ប្រភពដដែលបន្តថា «ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងរួមចំណែកជំរុញការប្រើប្រាស់ប្រាក់រៀល និងការទូទាត់សងប្រាក់ ជាអេឡិចត្រូនិក ព្រមទាំងធ្វើឲ្យសកម្មភាពទូទាត់ទាំង ក្នុងវិស័យឯកជន និងរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព ឆាប់រហ័សនិងមានសុវត្ថិភាព អតិថិជនអាចទទួលបាន សាច់ប្រាក់ទាន់ពេលវេលា និងមានតម្លាភាពខ្ពស់ ដែលធ្វើឲ្យអតិថិជនកាន់តែ មានជំនឿទុកចិត្តលើសេវា និងប្រព័ន្ធធនាគារ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា។ ប្រព័ន្ធនេះនឹងដាក់ឲ្យដំណើរការជាបប្រព័ន្ធនេះ នឹងដាក់ឲ្យដំណើរការជាបឋម (Soft Launch) ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះតទៅ»

គួរបញ្ជាក់ថា បើតាមគេហទំព័ធនគារជាតិនៃកម្ពុជា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានធនគារពាណិជ្ជចំនួន៣៦ ធនាគារឯកទេសចំនួន១១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៤ ដែលកំពុងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងបញ្ញើ៕