(កាណាដា)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃនេះលោកបាន ពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋអុងតារីយ៉ូ ប្រទេសកាណាដា ហើយក្រោយបញ្ចប់ កិច្ចពិភាក្សា ទទួលបានលទ្ធផលល្អ ប្រសើរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា៖ «ថ្ងៃនេះរវល់បន្តិច ប៉ុន្តែបានលទ្ធផលល្អ គួរសមដែរ។ ចូលជួបសមែ្តងការគួរសម និងពិភាក្សាការងារជាមួយលោក Sheldon Levy អនុរដ្ឋមន្ត្រី ទទួលបន្ទុកការងារអប់រំនិងសាកល វិទ្យាល័យ; លោក Denzil Minnan-Wong អភិបាលរងទីក្រុងតូរ៉ន់តូ និងលោក Frank Scarpitti អភិបាលក្រុងម៉ាកខាំ។ សូមអរគុណចំពោះ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់មន្ត្រីជាន់ខ្ពស់នៃទីក្រុងនានាក្នុងរដ្ឋអុងតារីយ៉ូ ប្រទេសកាណាដា ចំពោះរូបខ្ញុំ និងក្រុមការងារ»

គួរបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅលើទឹកដី សហរដ្ឋអាមេរិក ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៅតាមបណ្តារដ្ឋមួយចំនួនរួចមក លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅលើទឹកដីនៃប្រទេសកាណាដា ជាបន្តទៀតដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងកាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត បានធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយនឹងទូរទស្សន៍ Bloomberg TV នៅប្រទេស កាណាដា ពាក់ព័ន្ធនឹងជំហររបស់កម្ពុជា នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ឆ្លើយតបទៅនឹងសំនួរមួយនៅក្នុង កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BloombergTV (Canada) ដែលសួរថា តើអ្វីទៅជាទស្សនវិស័យ របស់ប្រទេសកម្ពុជា? តើលោកចង់ឃើញប្រទេសកម្ពុជា ក្លាយជាប្រទេសបែបណានៅអាស៊ី?

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «កត្តាចំបងៗចំនួន០២គឺ សន្តិភាពនិងស្ថេរភាព ដែលជាគ្រឹះដ៍រឹងមាំ របស់កម្ពុជាដើម្បី ការអភិវឌ្ឍប្រទេសឱ្យ រីកចម្រើនទៅមុខនិងជាការបង្កឱកាស សម្រាប់មនុស្សជំនាន់ក្រោយៗ ដែលចង់ឃើញយើងទាំងអស់គ្នារស់នៅ ក្នុងការអភិវឌ្ឍប្រកបដោយ សន្តិភាពនិងស្ថេរភាព»

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ចំពោះជំហររបស់កម្ពុជានៅក្នុងជម្លោះ សមុទ្រចិនខាងត្បូងនោះ យើងមានទស្សនវិស័យថា ដំណោះស្រាយនានា គួរតែឈរលើគោលការណ៍សន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក ​ដើម្បីចៀសវាងការប្រឈមមុខដាក់ គ្នាដូចអតីតកាល។ កម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាជាតិអាស៊ានទាំងអស់ សហការជាមួយចិន ដើម្បីធ្វើការដោះស្រាយបញ្ហា ប្រឈមនានាឲ្យបានទាន់ពេលវេលា មុននឹងវារីករាលដាល់កាន់តែធំ។

លោក ហ៊ុន ម៉ាណែត បានបន្តថា៖ ហេតុដូច្នេះហើយ បានជាកម្ពុជា អំពាវនាវឲ្យគ្រប់គ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី និងពិភាក្សា ដោយបើកចំហជាមួយគ្នា ដើម្បីចៀសវាងការប្រើប្រាស់យោធា ដែលអាចដុតបញ្ហាឲ្យកាន់តែ ខ្លាំងជាងមុនថែមទៀត។គោលដៅកម្ពុជា ទៅថ្ងៃអនាគតនោះ គឺការរក្សាឲ្យបាននូវសុខសន្តិភាព ដែលជារឿងសំខាន់បំផុត ដែលអនុញ្ញាតឲ្យកម្ពុជា ទទួលបានភាពរុងរឿង៕