(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅម៉ោង១១៖៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បង្កឡើងរវាងរថយន្តម៉ាក HYUNDIA បុកជាមួយរថយន្តតូរីសដឹកផ្លែឈើមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់។​

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយនេះ​ កើតឡើង​នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចគីឡូម៉ែត្រ​លេខ​១៥១​ និង​ ១៥២​ ស្ថិត​ក្នុង​ភូមិឈើទាលខ្ពស់​ ឃុំក្បាលត្រាច​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​

លោក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឱ្យដឹងមុននេះថា​ ហេតុការណ៍​ខាងលើនេះ​ បង្កឡើងដោយរថយន្ត​ HYUNDIA ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-8072​ ទំនងជាតៃកុងងងុយដេកងោកមួយភ្លែត​ ក៏ជ្រុលទៅបុកជាមួយ​រថយន្ត​តូរីសដឹកផ្លែឈើ​ ពាក់ស្លាកលេខ​ ភ្នំពេញ​​ 2F-2024​ ​ ក្នុង​ទិសដៅបញ្ច្រាស់ទិសគ្នា​ បណ្តាល​ឲ្យ​ឈ្មោះ​ សួន​ វលក្ខ័​ ភេទ​ប្រុស​ អាយុ​ ៣៣ឆ្នាំ​ តៃកុងរថយន្ត​តូរីស​ រស់នៅខេត្តត្បូងឃ្មុំ​ រងរបួសធ្ងន់​,​ ឈ្មោះ​ ទុន​ ភេទប្រុស​ ព្រូរថយន្តតូរីស​ រស់នៅខេត្តត្បូងឃ្មុំ​ ស្លាប់​នៅនឹងកន្លែង និង ឈ្មោះ​ គឹម​ ឡេង​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ ម្ចាស់ផ្លែឈើរថយន្តតូរីស​ រស់នៅខេ​ត្តប៉ៃលិន​ រងរបួសធ្ងន់​ ។​

ក្រោយ​ពេលកើតហេតុ​ កម្លាំង​អធិការ​នគរបាល​ស្រុកក្រគរ​ និង​កម្លាំង​មូលដ្ឋាន​ បានចុះជួយគាស់​ និង​សង្គ្រោះ​ជនរងគ្រោះ​ជាតៃកុង​ និង​ ម្ចាស់ផ្លែឈើតូរីស​បានទាន់ពេលវេលា​ ហើយ​ សាកសពបុរសជាព្រូរថយន្តតូរីសរង់ចាំ ក្រុមគ្រួសារមកយកធ្វើបុណ្យតាមប្រពៃណី​ ដោយឡែកតៃកុងរថយន្ត​ HYUNDIA ដាក់មេប្រូចរត់បាត់ស្រម៉ោល​។​ រថយន្តទាំង២​ រក្សាទុក​​រងចាំ​ដោះស្រាយ​នៅពេលក្រោយ​៕