(ភ្នំពេញ)៖ លោក ងៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានស្នើឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជួយគាំទ្របន្ថែមទៀតដល់វិនិយោគិនវៀតណាមនៅកម្ពុជា និងជួយជំរុញនូវកិច្ចព្រមព្រៀងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។

ការស្នើបែបនេះ របស់ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាម បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការគណៈរដ្ឋមន្ត្រី។

«កម្ពុជា និងវៀតណាម គួរបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីឱ្យសក្តិសមនឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំ និងមានប្រវត្តិយូរអង្វែងមកហើយ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ងៀន ហ៊ុយតាំង។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតបានបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ទោះជាប្រទេសទាំងពីរជួបវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងដល់ ៥,៣២ពាន់លានដុល្លារ។ រយៈ១០ខែ នៃឆ្នាំ២០២១នេះ បានកើនដល់ ៧,៨៧ពាន់លានដុល្លារ ហើយសង្ឃឹមថានឹងកើនដល់ប្រមាណ ៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ទាំងមូល។

លោក ងៀន ហ៊ុយតាំង ក៏ស្នើនូវការពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការការពារ និងទប់ស្គាត់ជំងឺកូវីដ១៩ បន្ថែមទៀត។

បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា «បក្ស និងប្រជាជនវៀតណាម មិនដែលភ្លេចទេនូវគុណបំណាច់របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងឯករាជ្យភាពរបស់វៀតណាមពីការឈ្លានពានរបស់បរទេស»

លោក ងៀន ហ៊ុយតាំង ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភដល់រដ្ឋាភិបាលវៀតណាម ទាំងសម្ភារៈ និងថវិកាក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានស្វាគមន៍ និងអមអរសាទរចំពោះលោក ងៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាម ប្រចាំកម្ពុជា និងក្នុងនាមរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមនន្ត្រី បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិជាមួយឯកអគ្គរដ្ឋទូត ដើម្បីបម្រើឱ្យផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

ឧបនាយករដ្ឋមនន្ត្រី ក៏បានថ្លែង អំណរ គុណចំពោះកងទ័ព និងប្រជាជនវៀតណាម ដែលបានជួយជ្រោមជ្រែងក្នុងការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានរំលឹកពីអនុស្សាវរីយ៏ដែលមិនអាចបំភ្លេច បានដែលបង្ហាញពីទឹកចិត្ត និងស្មារតីធ្វើពលីកម្មលះបង់សាច់ស្រស់ ឈាមស្រស់របស់កងទ័ពវៀតណាម ក្នុងការជួយកងទ័ពកម្ពុជា វាយផ្តួលរំលំរបបវាលពិឃាតខ្មែរក្រហម រំដោះប្រជាជនកម្ពុជាពីរណ្តៅមរណៈ។ នេះជាចំណុចចាប់ផ្តើមនៃការការពារ និងកសាងប្រទេសជាតិឡើងវិញឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញសាធារណៈមតិជាតិ និងអន្តរជាតិថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែមទៀតជានិច្ចនិរន្ត។

ពាក់ព័ន្ឋនឹងវិស័យសេដ្ឋកិច្ច, ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ក្រុមហ៊ុនវៀតណាមជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើ ច្រើន វិស័យ ក្នុងនោះដំណាំកៅស៊ូ, វៀតណាម បានបោះទុនវិនិយោគយ៉ាងច្រើន និងទទួលបានជោគជ័យ។

ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីវៀតណាម បន្តជួយគាំទ្រដល់កម្ពុជា ជាបន្តទៀត ពិសេសជំរុញអ្នកវិនិយោគទុនវៀតណាមមក កម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ដោយឡែកចំពោះសំណើរបស់ភាគីវៀតណាមខាងលើ, ឧបនាយករដ្ឋមន្ត្រីសូមទទួលយកទាំងអស់ ហើយក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសបន្តគាំទ្រ និងផ្តល់កិច្ចសម្របសម្រូលដល់ការវិនិយោគនានារបស់វៀតណាមនៅកម្ពុជា។

ជាចុងក្រោយ, ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានជូនពរឱ្យបេសកកម្មការទូតរបស់លោក ងៀន ហ៊ុយតាំង នៅកម្ពុជាទទួលបានជោគជ័យ៕