(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសកែសម្រួល និងបំពេញ បន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្ត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប មកពីបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្តផងដែរ។

លោកស្រី ញឹក សាគន្ធ ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តបាត់ដំបង រួមជាមួយលោកស្រី ស៊ឹម ម៉ារី អនុប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ខេត្តបាត់ដំបង បានរៀបរាប់អំពីប្រវត្តិនៃការបង្កើតសមាគមនារីដំបូងរហូតដល់បច្ចុប្បន្នដែលមានលោកស្រីសឹង្កហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងរាយការណ៍ស្តីពីលទ្ធផលការងារសមាគមនារីខេត្តរយ:ពេល១ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំបន្តក្នុងអង្គពិធី។

ជាមួយគ្នានេះដែរ លោកស្រី ភោគ សុភ័ក្ត អនុប្រធានអចិន្រ្តៃយ៍គណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តនិងជាប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង បានឡើងអានសេចក្តីថ្មី ស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពគណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍នៅខេត្តបាត់ដំបង ដែលមានលោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ ជាប្រធានកិត្តិយសអនុប្រធានប្រធាន អនុប្រធានប្រតិបត្តិ សមាជិក សមាជិកា មួយចំនួននៅថ្នាក់ខេត្ត ក្រុង ស្រុក ផងដែរ។

បន្ថែមពីនេះទៀត លោក សុខ លូ បានជួបសំណេះសំណាល ក្នុងពិធីនេះថា ការរៀបចំសមាសភាពថ្មីនេះដោយសារ រចនាសម្ព័ន្ធចាស់មានការផ្លាស់ប្តូរទើបថ្នាក់លើរៀបចំជាថ្មីនិងបានបញ្ជាក់ថា ក្រុមចលនាស្រ្តី គឺធ្វើការងារគណបក្ស បានចំណែក សមាគមនារីគឺធ្វើការជំនាញរបស់ខ្លួន គឺការងារសង្គមការងារមនុស្សធម៌ជាដើម ដើរតួនាទីគៀងគរ ថវិកាដើម្បីការងារមនុស្សធម៌ សម្រាប់ជួយប្រជាពលរដ្ឋទូទៅដែលខ្វះខាត រងគ្រោះនិងងាយរងគ្រោះនៅតាមមូលដ្ឋាន ពីគ្រប់មជ្ឈដ្ឋាន។

លោកអភិបាលខេត្តបានបន្តថា ប្រវត្តិសាស្រ្តខ្មែរយើង៥០០ឆ្នាំចុងក្រោយនេះគឺជួបប្រទះការបែកបាក់ផ្ទៃក្នុងសង្រ្គាម ដណ្តើមរាជគ្នា រហូតមក ទើបតែសម័យចុងក្រោយនេះមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលបាននាំមកនូវ សន្តិភាពពេញលេញបរិបរណ៍នៅឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ពិសេសមានតែថ្នាក់ដឹកនាំកំពូលពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន មួយប៉ុណ្ណោះ ដែលសម្តេចតេជោបានដាក់នូវគោលនយោបាយឈ្នះឈ្នះរួបរួមខ្មែរតែមួយ បានកសាងប្រទេសមានការអភិវឌ្ឍន៍ជាតិមានការរីកចម្រើនខ្លាំងបានដល់សព្វថ្ងៃ ក្រោមទិសស្លោកថា«អរគុណសន្តិភាព» បើគ្មានសន្តិភាពទេ គឺគ្មានអ្វីៗទាំងអស់។

លោកបានបន្តទៀតថា ក្រុងបាត់ដំបងយើងបច្ចុប្បន្នកំពុងជួបប្រទះនូវការលិចទឹក ដោយសារតែសម័យមុនមនុស្សតិច បច្ចប្បុន្នមនុស្សមានកំណើនឡើងខ្លាំង ទើបធ្វើឲ្យជួបបញ្ហាស្ទើរតែគ្រប់កន្លែង ហើយដើម្បីការកែប្រែ កសាង ហេដ្ឋារចនាសម្ព័ន្ធ មិនមែនធ្វើភ្លាមបាននោះទេគឺត្រូវការពេលវេលា គិតទាំងអនាម័យបរិស្ថានផងដែរ។

ជាងនេះទៅទៀត ក្រុងបាត់ដំបង ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេង កាន់តែច្រើនអ្នកលក់ដូរទំនិញគ្រប់ប្រភេទ អាចរកចំណូលបានច្រើន មានជីវភាពធូធារក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះដែរ ដើម្បីឲ្យសមាគមនារីដំណើរការតទៅមុខទៀតបានល្អ លោកអភិបាលខេត្តក៏បានឧត្ថមថវិកា ចំនួន២០លានរៀល ជាដើមទុនដំបូងដល់សមាគមនារី សម្រាប់យកទៅធ្វើសកម្មភាពមនុស្សធម៌បន្តទៀតផងដែរ៕