(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបង្ការ និងគ្រប់គ្រងភាពពិការភ្នែក ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងនាយកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ក្រោមការប្ដេជ្ញាចិត្ដរួមគ្នារវាងកម្ពុជា និងដៃគូអភិវឌ្ឍបានលើកទិសដៅការងារ ក្នុងការកាត់បន្ថយភាពពិការភាពឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០។

ការប្ដេជ្ញាចិត្ដយ៉ាងមោះមុតនេះបានធ្វើឡើង បន្ទាប់ពីកម្ពុជាបានទទួលសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើនជាបន្តបន្ទាប់ ដោយអត្រាប្រេវ៉ាឡង់នៃភាពពិការការភ្នែកបានធ្លាក់ចុះពី ១.២% នៅឆ្នាំ១៩៩៥ ហើយធ្លាក់មកត្រឹម ០.៣៨% នៅឆ្នាំ២០០៧ និងបន្តធ្លាក់មកត្រឹម ០.៣៧% នៅឆ្នាំ ២០១៩។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងបន្ដថា «សមិទ្ធិផលជោគជ័យទាំងនេះ គឺដោយកម្ពុជាមានសេនាធិការដឹកនាំ គឺកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល ភាពប៉ិនប្រសព្វ និងឈ្លាសវៃ គាំទ្រពីថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និងការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព បរិបូរណ៍ រីកចម្រើន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះផែនការយុទ្ធសាស្ត្រជាតិ ២០២១ ដល់២០៣០នេះ ដែលបានដាក់ចេញជាពេលនេះ យើងនឹងកាត់បន្ថយភាពពិការភ្នែកឲ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០»

លោកសាស្ដ្រាចារ្យបានថា សមិទ្ធិផលនេះដែល ក៏មានចូលរួមសហការណ៍ពីបណ្តាក្រសួង មន្ទីរនានា និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

លោកបន្ដថា សម្រាប់យុទ្ធសាស្ត្រជាតិនេះ ជាផែនទីចង្អុលបង្ហាញឆ្ពោះទៅរក៖

* សេវាសុខភាពភ្នែកដែលមានគុណភាព តម្លៃសមរម្យ មានភាពទូលំទូលាយ ឲ្យកាន់តែមានវិសាលភាព និងអាចទទួលបាននូវគុណភាពខ្ពស់

* ចំនួនបុគ្គលិកគ្រប់គ្រាន់ ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ មានសមត្ថភាពពហុជំនាញ និងទទួលបានការលើកទឹកចិត្តសមស្រប

* ឱសថ បរិក្ខារនិងសម្ភារ សម្រាប់សុខភាពភ្នែកដែលមានគុណភាព និងពង្រីកបន្ថែមនូវការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឲ្យកាន់តែទូលំទូលាយ និងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប

* បង្កើនប្រភពធនធានហិរញ្ញប្បទានដែលមានសម្រាប់សុខភាពភ្នែក ដោយមានការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងការចំណាយ និងកាត់បន្ថយវិបត្តិហិរញ្ញវត្ថុ ក្នុងការទទួលបានសេវាសុខភាពភ្នែក តាមរយៈគម្រោងគាំពារសុខភាព

* ពង្រឹងប្រព័ន្ធព័ត៌មានសុខភាពភ្នែក ដែលបានដាក់រួមបញ្ចូលគ្នាយ៉ាងល្អ ដែលផ្តល់ព័ត៌មានទាន់ពេលវេលា និងមានគុណភាពខ្ពស់សម្រាប់ការធ្វើការសម្រេចចិត្ត ការធ្វើផែនការ ការត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្ត និងការផ្តល់សេវាសុខភាពភ្នែកប្រកបដោយប្រសិទ្ធភាព

* ពង្រឹងសមត្ថភាពស្ថាប័ន និងការអនុវត្តអភិបាលកិច្ច ដើម្បីគ្រប់គ្រងប្រព័ន្ធសុខភាពភ្នែក ប្រកបដោយប្រសិទ្ធភាព ដែលជាផ្នែកសំខាន់មួយនៃការធ្វើឲ្យប្រព័ន្ធសុខាភិបាលឲ្យកាន់តែទូលំទូលាយ ឆ្ពោះទៅរកលទ្ធភាពទទួលបានជាសកល នូវសេវាសុខភាពភ្នែកប្រកបដោយគុណភាព។

សាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា តាងនាមឱ្យកម្មវិធីជាតិសុខភាពភ្នែក និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណចំពោះនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រុមការងារបច្ចេកទេសកសុខភាពភ្នែក ដៃគូអភិវឌ្ឍន៍ ដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យពង្រាងយុទ្ធសាស្ត្រនេះឈានដល់ពង្រាងចុងក្រោយសម្រាប់សិក្ខាសាលាថ្ងៃនេះ។ លើសពីនោះ សូមថ្លែងអំណរគុណដល់អង្គការដៃគូរ Fred Hollows Foundation, Brien Holden Vision Institute, Seva Foundation, Eye Care Foundation, Heart to Heart Foundation, Caritas-Takeo Eye Hospital, Battambang Ophthalmic Care, Sight For All ដែលបានផ្តល់ជាបច្ចេកទេស និងថវិកា៕