(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាពលោក ច្រឡឹង សុមេធា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ និងលោកស្រីញាន ទិត្យចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

លោកស្រី ញាន ទិត្យចិន្ដា អភិបាលរងខេត្ត បានថ្លែងថា ខេត្តរតនគិរី គឺជាខេត្តមួយដែលរាជរដ្ឋាភិបាល បានកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ហើយ បានចាត់ទុកថាវិស័យទេសចរណ៍ គឺជាមាសបៃតងដើម្បីទ្រទ្រង់ ទៅដល់ខឿនសេដ្ឋកិច្ច នឹងឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការកំណត់ខាងលើនេះ ខេត្តរតនគិរី ក៏បានចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនយោបាយទេសចរណ៍ ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស។

ក្នុងនោះខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត បានខិតខំរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពទីក្រុង និងបានជ្រើសរើសយកក្រុងបានលុង ជាទីក្រុងបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទទួលយកពានរង្វាន់ អេកូឡាបិលផ្ការំដួល ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតឲ្យបាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ជាមួយគ្នានេះដែរ លោក ច្រឡឹង សុមេធា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ បានបន្តថា ចលនាប្រឡងប្រណាំងទីក្រុង ស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ និង សណ្ដាប់ធ្នាប់ក្រុងខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ នានារបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តពីរដ្ឋាភិបាល បានផ្តល់រង្វាន់ដល់ក្រុង ខណ្ឌដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំនិងអភិវឌ្ឍ ក្រុង ខណ្ឌ របស់ខ្លួនពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួសំខាន់ៗ ក្នុងវិស័យ ទេសចរណបងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាន នៅតាមបណ្ដាក្រុង ស្រុក ខណ្ឌ។

បន្ថែមពីនោះទៀត លោកក៏បានសំណូមពរដល់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មេត្តាចូលរួម ផ្តល់ជាយោបល់ស្ថាបនាកែលម្អដើម្បីឲ្យការងារព ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ និងប្រជុំវាយតម្លៃចុងក្រោយសម្រាប់បេក្ខភាព ក្រុងបានលុងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕