(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងសាច់ប្រាក់» ជូនសិក្ខាកាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការចំនួន ១២៥នាក់ អញ្ជើញមកពីក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ និងមានការចូលរួមពីលោក Sailendra Pattanayak អនុប្រធានផ្នែកកិច្ចការសារពើពន្ធ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (Fiscal Affairs Department) តំណាងមូលនិធីរូបិយវត្ថុ (IMF), លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក Alexandros Mourmouras និងលោក Suhas Joshi ទីប្រឹក្សាជាន់ខ្ពស់រតនាគារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការព្យាករ និងគ្រប់គ្រងសាច់ប្រាក់ ជាឧត្តមានុវត្តអន្តរជាតិ តាមរយៈអ្នកជំនាញជាន់ខ្ពស់របស់មូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ឆ្លើយតបនឹងតម្រូវការនៃការពង្រឹងពង្រីកចំណេះដឹង និង លើកកម្ពស់ការយល់ដឹង ជូនថ្នាក់ដឹកនាំមន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន ស្របពេលដែលកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល ៣ បូក ២ ក្នុងគោលដៅ «ពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និង «បញ្ចប់ការរៀបចំខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម» ក្នុងដំណាក់កាលទី៤ នៅពេលខាងមុខ។

លោករដ្ឋលេខាធិការ បានបន្ថែមថា ក្នុងបរិការណ៍សកលូបនីយកម្មសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, ការគំរាមពីការរាតត្បាតនៃជំងឺឆ្លងកាចសាហាវជាសកល រួមនឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន, កម្ពុជាត្រូវបន្តរៀបចំខ្លួនថែមទៀត ពិសេស ខាងសមត្ថភាពធនធានមនុស្ស ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច, បង្កើនសមត្ថភាពប្រកួតប្រជែង និង រក្សាចីរភាពនៃសមិទ្ធផលសម្រេចបានកន្លងមក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩ តាមរយៈការស្វែងយល់ និងដកពិសោធន៍ពីឧត្តមានុវត្តអន្តរជាតិ ដោយធ្វើមូលដ្ឋានីយកម្មនូវធាតុចូលចាំបាច់ ទៅក្នុងបរិបទផ្ទាល់របស់ខ្លួន សម្រាប់ការអនុវត្ត តាមទស្សនៈ រៀនផង ធ្វើផង និងដកបទពិសោធន៍ផង ក្នុងភាពជាម្ចាស់។

លោកបានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ២០១៥មក, រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និងអង្គភាពថវិកា ដែលជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ សំដៅប្រែក្លាយជាបណ្តើរៗ នូវប្រព័ន្ធថវិកាកម្ពុជា ឲ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព, គណនេយ្យភាព និងតម្លាភាព។

ដើម្បីឲ្យការរៀបចំថវិកាកាន់តែល្អប្រសើរ, មានសុក្រឹតភាព និងឆ្លើយតបបានទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន, ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ និងទាមទារនូវមន្ត្រីទទួលបន្ទុកអនុវត្ត និងមន្ត្រីត្រួតពិនិត្យត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសពិតប្រាកដ ពាក់ព័ន្ធនឹងការវិភាគ និងព្យាករណ៍លំហូរសាច់ប្រាក់របស់អង្គភាពនីមួយៗ ដើម្បីជាមូលដ្ឋាន សម្រាប់ធានាតុល្យភាពសាច់ប្រាក់ ក្នុងការបើកផ្តល់ និង ផ្គត់ផ្គង់ចំពោះការអនុវត្តគម្រោង និងកម្មវិធីការងារឲ្យបានទាន់ពេលវេលា ពិសេសការផ្តល់សេវាសាធារណៈ និងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋ តាមសំណូមពរ និងប្រកបដោយប្រសិទ្ធភាព៕