(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក អង់ដ្រេ សេនទីណូ នាយសេនាធិការកងទ័ពហ្វីលីពីន តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និង នាយសេនាធិការកងទ័ពហ្វីលីពីន បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និង នាយសេនាធិការកងទ័ពហ្វីលីពីន ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានអះអាងរួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឯកឧត្តម នាយសេនាធិការកងទ័ពហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕