(ព្រះវិហារ-ស្ទឹងត្រែង)៖ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះត្រួតពិនិត្យការអនុវត្តផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ ពីថ្នាក់ជាតិ-និងថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ មេភូមិអនុវត្តផែនការភូមិឃុំសង្កាត់ ស គ្មានគ្រឿងញៀន ចំនួន៤ នៃខេត្តទាំងពីរ បានមានប្រសាសន៍ស្វាគមន៍ និងរបាយការណ៍រីកចម្រើនរបស់ភូមិ ពិសេសការអនុវត្តផែនការភូមិឃុំសង្កាត់ ស គ្មានគ្រឿងញៀនដោយបានលើកពីការងារសម្រេចបាន និងការងារសេសសល់ ប្រឈមដែលត្រូវបន្តអនុវត្តន៍សំដៅ ចូលរួមចំណែករក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ភូមិ តាមរយៈការគាំទ្រពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់ខ្លួន ដោះស្រាយបង្ការ និងដោះស្រាយបញ្ហាគ្រឿងញៀនជួយប្រជាពលរដ្ឋ កូនចៅប្រជាពលរដ្ឋកុំឲ្យធ្លាក់ចូល ទៅក្នុងអន្ទាក់នៃគ្រឿងញៀនបង្កមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានជម្រាបជូនពីសារសំខាន់ទិសដៅ ដែលថ្នាក់លើ បានដាក់ចុះអនុវត្តន៍ និងលើកទឹកចិត្ត ឲ្យមានការចូលរួមជួយគាំទ្រសហការពីថ្នាក់មូលដ្ឋានផ្ទាល់ ធ្វើយ៉ាងណាឲ្យភូមិទាំងអស់ដែលកំពុងអនុវត្តផែនការភូមិឃុំសង្កាត់ ស គ្មានគ្រឿងញៀន ឲ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមកបានណែនាំឲ្យខេត្តជាប់ព្រំដែនទាំងអស់បង្កើតភូមិស គ្មានគ្រឿងញៀនយ៉ាងហោច២ ក្នុងមួយខេត្ត ប៉ុន្តែថ្មីៗនេះ សម្តេចក្រឡាហោមស ខេង និង ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំឲ្យបង្កើតគ្រប់ភូមិតែម្តង។

ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបន្តដំណើរចុះត្រួតពិនិត្យការអនុវត្តផែនការផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅភូមិខាំផាន់ របស់សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងទស្សនាគម្រោងបង្កើតភូមិស នៅទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បន្តទៀត៕