(រតនគិរី)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥៣១ប័ណ្ណ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី ប្រគល់ជូនប្រជាពលរដ្ឋនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ពិធីធ្វើពិធីប្រគល់ និងទទួលញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក មួង ប៉ាង អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តរតនគិរី បានថ្លែងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំនេះ មានប្រជាពលរដ្ឋចំនួន ២៧៩គ្រួសារ លើផ្ទៃដីសរុប ៦៥៧.០៥ហិកតា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥៣១ប័ណ្ណ ដែលក្នុងនោះរួមមាន៖ ដីលំនៅឋានចំនួន២១៦ វិញ្ញាបនបត្រ, ដីកសិកម្មចំនួន ៣១២វិញ្ញាបនបត្រ និងដីរដ្ឋមានចំនួន ៣វិញ្ញាបនបត្រ។

នាឱកាសនេះលោក មួង ប៉ាង បានកោតសរសើរចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះដោយការទទួលខុសត្រូវ និងតម្លាភាព។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលប្រជាពពលរដ្ឋ បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះ ការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលនឹងជំរុញការប្រើប្រាស់ដីធ្លីឱ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

លោក មួង ប៉ាង បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលប្រជាពលរដ្ឋ ទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់ប្រជាពលរដ្ឋ ជាឯកសារតំណាងឱ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឱ្យកូនចៅ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋរក្សាប័ណ្ណនេះ ឱ្យបានល្អប្រសើរ។

ក្នុងឱកាសនេះលោកក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ បន្ដថែរក្សាសុខភាពឱ្យបានល្អ និងត្រូវបន្តរួមគ្នាការពារខ្លួនពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រូវការពារសុខភាពឱ្យបានល្អក្នុងរដូររងានេះផងដែរ៕