(ព្រះវិហារ)៖ រង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានលើកឡើងថា «ថ្ងៃនេះយើងប្រារព្វពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រង្វង់មូលស្រអែមនេះ ជាព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រប្រទេសជាតិរបស់យើង ដោយពិធីនេះយើង ចង់ភ្ជាប់ទៅនឹងទិវា២ ធ្នូ របស់យើង»

លោកថា ហេតុអ្វីបានជាលោកចង់រំលឹកព្រឹត្តិការណ៍២ធ្នូនេះ? លោកថា ប្រទេសរបស់យើងពីឆ្នាំ១៩៧៥ ដល់១៩៧៩ បានធ្លាក់ចុះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ពេលនោះកម្ពុជារបស់យើងបានរងទុក្ខវេទនា គ្មានសិទ្ធិសេរីភាព គ្មានទីផ្សារ គ្មានវត្តអារ៉ាម គ្មានសាលារៀន...មិនតែប៉ុណ្ណោះថែមទាំងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ទៀតផង។

លោកទេសរដ្ឋមន្ត្រីថា ឥស្សរជនស្នេហាជាតិរបស់យើង បានប្រមូលគ្នាដើម្បីបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបដឃោរឃៅប្រល័យពូជសាស្ត្រនេះ។ លោកបញ្ជាក់ទៀតថា បើគ្មានថ្ងៃ២ ធ្នូ ឆ្នាំ៧៨ ទេ យើងមិនមានថ្ងៃ ៧ មករា ហើយបើគ្មាន ៧ មករា យើងអត់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ យើងអត់មានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យើងអត់មានសន្តិភាព អត់មានការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដូចបច្ចុប្បន្ននេះទេ។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាពដែលយើងដណ្តើមបានរយៈពេលកន្លងមកនេះដោយលំបាក ត្រូវប្រឆាំងដាច់ខាតអ្នកណាដែលចង់បំផ្លាញសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាព យើងមិនអាចធ្វើអ្វីបានទាំងអស់ ត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍នុវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងត្រូវបន្តការប្រុងប្រយ័ត្នការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឲ្យបានទៀងទាត់។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនដែលបានចូលរួមចំណែកបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងរង្វង់មូលស្រអែមដែលជាសម្បត្តិសាធារណៈរបស់ជាតិ ហើយការសាងសង់នេះ មិនមែនចំណាយថវិការបស់ជាតិនោះទេ និងសូមថ្លែងការកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានរៀបចំការសាងសង់ ការគូរប្លង់ និងសាងសង់រហូតសម្រេចជាស្ថាពរសមិទ្ធិផលដ៏ស្រស់បំព្រងនេះ នេះបញ្ជាក់ឲ្យឃើញថា ខ្មែរធ្វើបាន និងសូមអរគុណដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានបង្ករលក្ខណៈងាយស្រួល ដល់មន្ទីរសាធារណការធ្វើការសាងសង់បានដោយរលូន។

ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា រង្វង់មូលស្រអែមនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២ មករា ឆ្នាំ២០១៩ និងបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ លោកថា រូបសំណាកតួប្រាសាទនៅចំកណ្តាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរះទី៥ ប្រាសាទព្រះវិហារ មានទំហ៊ំ៧០ភាគ នៃតួប្រាសាទដើម រង្វង់មូលនេះចំណាយថវិកាសាងសង់អស់១២៥០០០ដុល្លារ ដែលថវិកានេះ បានមកពីការចូលរួមចំណែកពីសប្បុរសជន ដោយមិនប្រើប្រាស់ថវិកាជាតិនោះទេ។

លោកប្រធានមន្ទីរថ្លែងទៀតថា រង្វង់មូលស្រអែមនេះ គឺសាងសង់ឡើងដើម្បីឧទ្ទិសបុណ្យកុសលដល់កងកម្លាំងប្រដាប់អាវុធ វីរជនអ្នកស្នេហាជាតិនិងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជំនាន់ ដែលបានពលីក្នុងអំឡុងសង្រ្គាមការពារទឹកដី ខ្មែរយើងឲ្យរួចផុតពីការឈ្លានពានពីសត្រូវ។ សូមពលីកម្មនេះប្រែក្លាយទៅជាមនសិការស្នេហាជាតិយ៉ាងមុះមុតសម្រាប់ខ្មែរគ្រប់ៗរូប ជាពិសេសដល់កងកម្លាំងប្រដាប់អាវុធ វីរជនស្នេហាជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងសម័កាលសម្តេចតេជោ ហ៊ុន សែន យើងនេះតទៅមុខជារៀងរហូត និងសូមឲ្យរួមរស់ជាមួយគ្នា ប្រកបទៅដោយការយោគយល់ ភាតរភាពដើម្បីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕