(ភ្នំពេញ)៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា មានសមាជិកជាសហគមន៍កសិកម្ម១២០០សហគមន៍ ស្មើនឹងកសិករជាង១០ម៉ឺនគ្រួសារ បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រាការប្រាក់ពីវិស័យធនាគារ និងហិរញ្ញវត្ថុ សម្រាប់វិស័យកសិកម្មនៅមានអត្រាខ្ពស់នៅឡើយ ដែលជាមធ្យម ១០ភាគរយក្នុង១ឆ្នាំ។

លោកថា ទោះបីអត្រាការប្រាក់នៅមានកម្រិតខ្ពស់ក្តី ប៉ុន្តែវិស័យធនាគារ និងហិរញ្ញវត្ថុ បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម។

លោក ដុក លួន បានថ្លែងថា «កសិករ និងសហគមកសិកម្ម បានប្រើប្រាស់សេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូច្នេះបើប្រៀបធៀបថ្លៃផលិត [....] ការប្រើប្រាស់សេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យកសិកម្ម នៅតែមានអត្រាការប្រាក់ខ្ពស់នៅឡើយ។ ទោះជាយ៉ាងនេះក្ដីវិស័យកសិកម្ម នៅតែទទួលបានផលប្រយោជន៍ពី ការប្រើប្រាស់សេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជួយឲ្យវិស័យកសិកម្មបន្ដដំណើរទៅមុខបានល្អប្រសើរ»

លោក រុំ រដ្ឋា នាយកពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានឆ្លើយតបចំពោះការលើកឡើងពីបញ្ហានៃអត្រាការប្រាក់ខ្ពស់របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្ដល់ជូនដល់វិស័យកសិកម្មថា អត្រាការប្រាក់គឺអាស្រ័យលើថ្លៃដើម។ ចំពោះគ្រឹះស្ថានអម្រឹត បានព្យាយាមផ្ដល់ជូនអត្រាការប្រាក់ធូរថ្លៃជូនដល់កសិករ និងអ្នកប្រកបរបរកសិកម្ម។ ជាក់ស្ដែងសម្រាប់គ្រឹះស្ថានអម្រឹតផ្ទាល់ ការប្រាក់សម្រាប់វិស័យកសិកម្ម គឺទាបជាងអត្រាការប្រាក់ របស់វិស័យផ្សេងៗទៀត។

លោកបានបន្ដថា «ទោះបីជាឥណទានរបស់វិស័យកសិកម្ម មានតម្លៃខ្ពស់ជាងវិស័យផ្សេង ប៉ុន្ដែតម្លៃដែលបានគិតពីអតិថិជន នៅទាបជាងវិស័យផ្សេងៗទៀត ដែលនេះជាគោលដៅ ក្នុងការជួយដល់កសិករ ដើម្បីឲ្យកសិករឈានឆ្ពោះទៅមុខ។ បន្ថែមពីនេះអម្រឹត និងគ្រឹះស្ថានផ្សេងៗទៀត បានផ្ដល់ជូនការចុះបង្រៀង ដល់ប្រជាកសិករក្នុងការប្រើប្រាស់ឥណទានឲ្យចំគោលដៅ លើសពីនេះបានជួយប្រជាកសិករ តាមរយៈការជួលអ្នកបច្ចេកទេសកសិកម្ម ដើម្បីចុះបង្រៀនប្រជាកសិករ ក្នុងតំបន់ ឬសហគមន៍ ដែលកត្តាទាំងនេះ ជាការជួយដល់វិសយកសិកម្មនៅកម្ពុជា»

លោក ដុក លួន តំណាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានឲ្យដឹងទៀតថា និយាយចំពោះការទទួលបានឥណទាន របស់ប្រជាកសិករ នៅតែមានបញ្ហាប្រឈមមួយចំនួន ដោយសារតែប្រជាកសិករ និងសហគមន៍កសិកម្ម មានចំណេះដឹងផ្នែកវិស័យហិរញ្ញវត្ថុ និងធនាគារ នៅមានកម្រិត ដូច្នេះធ្វើឲ្យពួកគាត់មិនបានត្រៀមខ្លួន ក្នុងការទទួលយកសេវាឥណទាន ពីគ្រឹះស្ថានទាំងអស់នោះ។

លោកបានបន្ដថា បច្ចុប្បន្ននេះវិស័យកសិកម្ម ជួបបញ្ហាប្រឈមមួយចំនួនដូចជា៖
១៖ តម្លៃខ្ពស់ចំពោះ ការប្រើប្រាស់ជី, ថ្នាំ, គ្រឿងយន្ដ, ការប្រើប្រាស់កម្លាំងពលកម្ម។
២៖ ការបែងចែកតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក មិនបានច្បាស់លាស់ ដោយក្នុងតំបន់ខ្លះមានការដាំដុះលើសតម្រូវការ ប៉ុន្ដែតំបន់ខ្លះទៀតមិនមានការដាំដុះឡើយ។
៣៖ ខ្វះខាតចំណេះដឹងអំពីការផលិត ឲ្យចំស្ដង់ដារលក់ចេញ។
៤៖ ខ្វះទុនបង្វិល។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យកសិកម្មប្រមាណ១៧ទ្រីលានរៀល ស្មើនឹងប្រមាណ ៤.២ពាន់លានដុល្លារអាមេរិក៕