(រតនគិរី)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ បោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG នៅស្រុកវ៉ើនសៃ នៅខេត្តរតនគិរី។

អង្គការ MAG បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ ដោយបានរៀបចំឲ្យមានការធ្វើបទបង្ហាញអំពីលទ្ធផលសម្រេចបាន ការអប់រំយល់ដឹងអំពីគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ជនជាតិភាគតិច ការស្រាវជ្រាវចម្ការគ្រាប់ចង្កោម និងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោម នៅទឹកដីខេត្តរតនគិរី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយដល់ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព ជួយសង្រ្គោះជីវិតមនុស្ស និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា បេសកកម្មរបស់ឯកអគ្គរាជទូតនាថ្ងៃនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីវឌ្ឍនភាពការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG លើទឹកដីខេត្តរតនគិរី ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារគ្រាប់បែកចង្កោម។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក៏ដូចចក្រភពអង់គ្លេស ក្នុងគោលដៅពន្លឿនឲ្យកម្ពុជា រួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានឆាប់ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកម្រិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជា នៅឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី Tina Redshaw បានលើកឡើងថា ចក្រភពអង់គ្លេស បានផ្តល់ជំនួយជួយដល់អង្គការ MAG ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទ ព្រមទាំងបានផ្តល់សារអប់រំផ្សេងៗ ក្នុងគោលដៅបង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយលោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋដែលបានទទួលសារអប់រំនាថ្ងៃនេះ នឹងផ្សព្វផ្សាយណែនាំបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តរបស់ខ្លួន។

លោកស្រី បានបញ្ជាក់បន្ថែមថា ចក្រភពអង់គ្លេស ក៏ដូចជាម្ចាស់ជំនួយដទៃទៀត នឹងបន្តចូលរួមជួយបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា៕