(បាងកក, ថៃ)៖ ក្នុងដំណើរទស្សនកិច្ចដើម្បីលើកកម្ពស់ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅប្រទេសថៃ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ ហើយក៏មានស្ថានីយទូរទស្សន៍របស់ថៃ អញ្ជើញផ្តល់បទសម្ភាសជាច្រើនផងដែរ។

តាមរយៈការជួបសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងការផ្តល់បទសម្ភាសនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ បានផ្តល់ឱកាសឱ្យលោកបណ្ឌិត សុខ សុក្រឹត្យា ផ្សព្វផ្សាយនូវសក្តានុពលលើវិស័យទេសចរណ៍ ព្រមទាំងបានជំរុញឱ្យអ្នកវិនិយោគរបស់ថៃ ចូលខ្លួនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

នៅថ្មីៗនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏ត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ២របស់ថៃ (NBT) ជាស្ថានីយទូរទស្សន៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃ អញ្ជើញផ្តល់បទសម្ភាសន៍លើប្រធានបទស្តីពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ក្នុងបទសម្ភាសន៍នេះ ពិធីករបានសួរជាច្រើនសំណួរពាក់ព័ន្ធសក្តានុពលទេសចរណ៍នៅកម្ពុជា ឱកាសសម្រាប់ការវិនិយោគ ក៏ដូចជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងទាក់ទាញអ្នកទេសចរចូលមកកម្សាន្តនៅកម្ពុជា។

តាមរយៈសំណួរទាំងនោះ លោក សុខ សុក្រឹត្យា បានលើកបង្ហាញនូវយុទ្ធសាស្ត្រមួយចំនួនរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយជួបវិបត្តិជំងឺកូវីដ១៩។ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាសំខាន់ក្នុងការស្តារទេសចរណ៍នៅកម្ពុជាឡើងវិញ គឺភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រេចបានតាមផែនការ។

លោក សុខ សុក្រឹត្យា ក៏បានបញ្ជាក់ពីការទទួលអ្នកទេសចរវ៉ាក់សាំង ក៏ដូចជាការបន្ធូបន្ថយលក្ខខណ្ឌត្រួតពិនិត្យសុខភាពសម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាជាដើម។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានបង្ហាញពីគម្រោងនាំចូលអ្នកទេសចរថៃតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក និងការធ្វើការងារជាមួយប្រតិបត្តិករទេសចរណ៍ថៃ ដើម្បីរៀបចំកញ្ចប់ទេសចរនានាពីថៃមកកម្ពុជា។ លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអះអាងថា គម្រោងការនេះអាចចាប់ផ្តើមបញ្ជូនភ្ញៀវនៅខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍នេះ លោក សុខ សុក្រឹត្យា ក៏បានលើកបង្ហាញពីសក្តានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាប។ លោក បានលើកឡើងថា បើគេទៅលេងខេត្តសៀមរាប តែងតែនឹកឃើញមុនគេ គឺប្រាសាទអង្គរវត្ត។ ប៉ុន្តែនៅតំបន់នេះមិនមែនមានតែការទស្សនាប្រាសាទតែមួយប៉ុណ្ណោះទេ គឺមានទីកន្លែងកម្សាន្តរាប់មិនអស់ជាច្រើនទៀត។

លោកបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍នោះយ៉ាងដូច្នេះ «អ្នកទេសចរដែលចូលកម្សាន្តប្រាសាទអង្គរវត្តកន្លងមកភាគច្រើនបានត្រឹមតែមើលប្រាសាទមិនបានស្គាល់អ្វីដែលស៊ីជម្រៅជាងនេះនៅឡើយទេ។ ខ្ញុំសូមបញ្ជាក់ថាវិស័យទេសចរដែលយើងកំពុងនិយាយដល់នេះ ក៏មានវិស័យទេសចរណ៍បែបជំនឿសាសនា ហើយក្រសួងទេសចររបស់យើងខ្ញុំកំពុងលើកគម្រោងនេះឡើងមក»

លោក សុក្រឹត្យា បន្ថែមថា «បន្ទាប់ពីនេះទៅយើងនឹងដាក់នូវគោលការណ៍ពីការដែលអ្នកទេសចរចូលមកកម្សាន្តនៅប្រាសាទអង្គរវត្ត តើពួកគាត់មកដើម្បីអ្វី? យើងនឹងបន្ថែមសកម្មភាពនៅកន្លែងឱ្យបានច្រេីន ហេីយណែនាំដល់អ្នកទេសចរ ឱ្យបានដឹងពីការដែលចូលមកកម្សាន្តនៅខេត្តនេះ ហើយបានទៅកាន់ទីនោះឱ្យបានច្បាស់លាស់ និងពីអ្វីដែលគេចង់បាន។ ប្រាសាទអង្គវត្តមានប្រវត្តិយូរលង់ ហេតុនេះមានរឿងរ៉ាវជាច្រេីនដែលអ្នកទេសចរចូលមកហើយគួរមានការសិក្សាស្វែងយល់ពីគម្រោងការដើរកម្សាន្តអោយបានច្បាស់លាស់»

ក្រៅតែពីបង្ហាញនូវសក្តានុពលទេសចរណ៍ហើយនោះ លោក សុខ សុក្រឹត្យា ក៏បានលើកបង្ហាញនូវឱកាសល្អមួយចំនួនសម្រាប់អ្នកវិនិយោគ ក្នុងការទៅវិនិយោគលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយមានការគាំពារ និងលើកទឹកចិត្តខ្ពស់ពីរាជរដ្ឋាភិបាល។

លោក សុក្រឹត្យា ក៏បានលើកបង្ហាញពីការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ មានភាពប្រទាក់ក្រឡាគ្នាពីទីក្រុង ដល់ជនបទ ដែលជួយឱ្យការធ្វើដំណើរកម្សាន្តនៅកម្ពុជា អាចធ្វើដំណើរទៅគ្រប់ទីកន្លែងដោយងាយស្រួល។

លោកបណ្ឌិត សុខ សុក្រឹត្យា «ខ្ញុំសុំបញ្ជាក់ថា អ្នកទេសចរអាចចូលទៅកម្សាន្តនៅកម្ពុជា តាមមធ្យោបាយណាក៏មានលក្ខណៈងាយស្រួលទាំងអស់ មិនថា តាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស បានសេចក្តីថា បើយើងធ្វើដំណើរតាមផ្លូវគោកការចាយវាយអាចធូរថ្លៃ។ បើតាមផ្លូវគោក មានទៅតាមខេត្តសុរិន្ទ ស៊ីសាកេតជាដេីម ចំណែកផ្លូវថ្នល់ក៏ល្អស្ទើរគ្រប់កន្លែង»

មុននឹងបិទបញ្ចប់បទសម្ភាសន៍លោក សុខ សុក្រឹត្យា បានអំពាវនាវឱ្យពលរដ្ឋថៃ ទៅកម្សាន្តនៅប្រទេសកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់ថៃ ទៅវិនិយោគលើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ ព្រោះកម្ពុជា មានគោលនយោបាយជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ប្រកបដោយភាពប្រាកដនិយម និងការទាក់ទាញ។

សូមបញ្ជាក់ថា បទសម្ភាសន៍ដែលលោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងជាមួយបណ្តាញផ្សព្វផ្សាយក្នុងប្រទេសថៃ ទទួលបានការចាប់អារម្មណ៍ និងការទស្សនាយ៉ាងច្រើនពីប្រជាពលរដ្ឋថៃ៕