(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួងស្ថាប័ននានា ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ ចាត់តំណាងចូលរួម ក៏ដូចជាបានផ្ញើសារចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពបងស្រីបង្កើតរបស់សម្តេចកាលពីថ្មីៗនេះ។

ក្នុងលិខិតថ្លែងអំណរគុណដែល Fresh News ទទួលបាន សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកកាយវិការដ៏ប្រពៃនេះ ជាកម្លាំងចិត្តដ៏មានសារៈសំខាន់ ដែលបានស្ដែងឱ្យឃើញនូវសមានចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះឧបាសិកា ស ស៊ន់ និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។

មរណភាពរបស់មហាឧបាសិកា ស ស៊ន់ គឺជាបាត់បង់នូវបងស្រី មាតាបង្កើត មាតាក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ ដែលពេញមួយជីវិតរបស់មហាឧបាសិកាប្រកាន់ខ្ជាប់នូវសេចក្តីល្អ និងបានប្រឹងប្រែងចិញ្ចឹមបីបាច់ អប់រំទូន្មានកូនចៅឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងសេចក្តីល្អ រហូតបានក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។

ការធ្វើមរណកាលរបស់មហាឧបាសិកា ស ស៊ន់ បាននាំមកនូវក្តីសង្វេក សោកស្តាយ អាឡោះអាល័យជាពន់ពេកពីក្រុមគ្រួសារ និងសាច់ញាតិទាំងអស់។

មរណភាពរបស់មហាឧបាសិកា ស ស៊ន់ មានថ្នាក់ដឹកនាំ មន្ត្រីរាជការតាមក្រសួង ស្ថាប័នជាច្រើន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងផ្ញើសារចូលរួមរំលែកមរណទុក្ខ៕