(ខេត្តក្វាងចូវ-ចិន)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Guangzhou International Travel Fairs (GITF) ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងក្វាងចូវ ខេត្តគ័ងតុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ Guangzhou International Travel Fairs 2021 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន៖ ស្តង់ពិព័រណ៍ចំនួន ៥០០ស្តង់ អ្នកលក់ ៥០០នាក់ មកពី ៥៥ប្រទេស អ្នកទិញក្នុងស្រុកចំនួន ៣០០ នាក់ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចំនួន ៣០ ស្ថាប័ន។ ថ្ងៃទី១នៃព្រឹត្តិការណ៍នេះ កម្ពុជាបានទទួលពានរង្វាន់ «The Best Attraction Tourist Destination» ដោយព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរចូលទស្សនាជាង ២ម៉ឺននាក់។

ស្តង់ពិព័រណ៍របស់ប្រទេសកម្ពុជាមានទំហំ ២៨ម៉ែត្រការ៉េ សម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ ក្រសួងទេសចរណ៍បានជំរុញការផ្សព្វផ្សាយអំពីសន្ទុះនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយសម្រេចបានជាង ៨៨.៥៥% នៃចំនួនប្រជាជនសរុប ១៦លាននាក់ និងការប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងចូលមកកម្ពុជាដោយមិនបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិនានារួមមាន៖

ទី១៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ទី២៖ ការធ្វើជាម្ចាស់ផ្ទះ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២» លើប្រធានបទ «អាស៊ាន - សហគមន៍សន្តិភាព និងវាសនារួមគ្នា» ដែលមានគោលបំណងដើម្បីស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២

ទី៣៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្រោមសន្តិភាព»៕