(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ នៅភូមិអង្គជា និងភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ពីសមាគមប្រភពល្អកម្ពុជា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

លោក ឆាយ វណ្ណា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពកម្ពុជា ដែលតស៊ូរំដោះជាតិយើងពីសង្រ្គាមដែលបានបំផ្លាញគ្រប់យ៉ាងបន្សល់តែផេះផង់ រហូតដល់មានការរីកចំរើន ស្រុកទេសយើងមានការអភិវឌ្ឍន៍។

លោកថា រាជរដ្ឋាភិបាលកម្ពុជាមានគោនយោបាយសុខដុមនិយកម្មដ៏ល្អបំផុត បើកទូលាយដល់គ្រប់សាសនិកអាចប្រណិបត្តិសាសនារបស់ខ្លួនបានយ៉ាងពេញលេញ។ ពិសេសសាសនិកអ៉ីស្លាមមានសិទ្ធិ ក្នុងការប្រតិបត្តិសាសនារបស់ខ្លួនបានគ្រប់ពេល។

លោកបានផ្ដាំផ្ញើដល់ពលរដ្ឋខ្មែតអ៉ីស្លាមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនទេ ដែលអាចនាំមកនូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនទៅមុខជារៀងដរាប។

ជាមួយគ្នានេះលោក តហើរ អូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា បានលើកឡើងថា នេះជាអំណោយរបស់ប្រជាពលរដ្ឋនៃរដ្ឋគូវែត ដែលបានឧបត្ថម្ភមកដល់បងប្អូនខ្មែរអ៉ីស្លាមយើង ហើយលោកសន្យាថា នឹងនៅតែបន្តស្វែងរកជំនួយឲ្យបានច្រើន ដើម្បីមកជួយដល់ពលរដ្ឋខ្មែរអ៉ីស្លាមយើងឲ្យបានគ្រប់ៗគ្នា។

គួរជម្រាបថា ការចែកអំណោយនេះ សមាគមបានចែកអង្ករសរុបចំនួន១០តោន និងម៉ាស់ចំនួន២ម៉ឺនម៉ាស ដែលសកម្មភាពមនុស្សធម៍នេះដែរត្រូវបានសមាគមប្រភពល្អបានធ្វើទូទាំងប្រទេស និងនៅតែបន្តធ្វើសកម្មភាពរបស់ខ្លួនតទៅមុខទៀត៕