(ព្រះវិហារ)៖ ស្ត្រីម្នាក់បានដាក់ពាក្យប្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងលោក មឿង សុន ដែលគេស្គាល់ថា ប្រធាន មូលនិធិ ទ្រទ្រង់ អរិយធម៌ ខ្មែរ ពីបទរំលោភសេចក្តីទុកចិត្ត រំលោភកិច្ចសន្យា ក្នុងករណីទិញលក់ដីមួយកន្លែងនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយចេញដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនលោក មឿង សុន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ប៉ុន្តែក្រោយការសួរនាំ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញតែម្តង។

ស្ត្រីជាដើមបណ្តឹងឈ្មោះ ទួន ចន្ទ្រា អាយុ៥០ឆ្នាំ បានរៀបរាប់ឲ្យដឹងថា គាត់បានទិញដីចំនួន៥ប្លង់ទំហ៊ំ១៥៨២៣១ម៉ែត្រការ៉េ ពីឈ្មោះ មឿង សុន ក្នុងតម្លៃ១០ម៉ឺនដុល្លារ និងបានប្រគល់ប្រាក់កក់លើកទី១ ចំនួន៣៧០០០ដុល្លារ ទៅឲ្យលោក មឿង សុន និងបង់ប្រាក់តាមធានាគារចំនួន៣៥០០០ដុល្លារទៀត ព្រមទាំងដោះស្រាយការចំណាយជាមួយអ្នកចាំដីឲ្យលោក មឿង សុន អស់មួយចំនួនដើម្បីកុំឲ្យមានបញ្ហា។

ស្ត្រីដើមបណ្តឹង បានថ្លែងបន្តទៀតថា គាត់ត្រូវបង់ប្រាក់ទៅឲ្យលោក មឿង សុន ថែមទៀតដើម្បីបង្រ្គប់ថ្លៃដី និងឲ្យលោក មឿង សុន ផ្ទេរកិម្មសិទ្ធិដីទៅឲ្យគាត់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ប៉ុន្តែនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក មឿង សុន បានគេចវេសមិនទទួលប្រាក់ដើម្បីបង្រ្គប់ថ្លៃដី និងផ្តិតមេដៃផ្ទេរកម្មសិទ្ធទៅឲ្យគាត់ទេ មិនតែប៉ុណ្ណោះលោក មឿង សុន បានទៅសាលាឃុំស្រយ៉ង់ សុំរំលាយកិច្ចសន្យាឈប់លក់ដីទៅឲ្យឈ្មោះ ទួន ចន្ទ្រាវិញ។

ស្ត្រី ទួន ចន្ទ្រា បានថ្លែងបញ្ជាក់ថា ជាមួយនឹងការរំលាយកិច្ចសន្យាពីលោក មឿង សុន រឿងទិញលក់ដីនោះ គាត់ក៏មិនថាអីដែរ ប៉ុន្តែគាត់ឲ្យលោក មឿង សុន ប្រគល់ប្រាក់ត្រឡប់មកវិមួយគុណពីរតាមកិច្ចសន្យា ក៏ដូចជាប្រាក់ដែល គាត់បានចំណាយលើការអភិវឌ្ឍន៍ដីនោះមកវិញតែលោក មឿង សុន មិនបានប្រគល់ប្រាក់ត្រឡប់មកឲ្យគាត់វិញទេ។ មិនតែប៉ុណ្ណោះថែមទាំងដើរនិយាយបង្កាច់បង្ខូចឈ្មោះគាត់ទៅវិញ ទើបគាត់សម្រេចដាក់ពាក្យប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ដើម្បីឲ្យចាត់ការទៅតាមច្បាប់។

ក្រោយពីទទួលពាក្យបណ្តឹង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានកោះហៅលោក មឿង សុន ឲ្យចូលឆ្លើយបំភ្លឺតែលោក មឿង សុន មិនបានចូលឆ្លើយបំភ្លឺតាមការកោះហៅចំនួន៣លើក ទើបលោកព្រះរាជអាជ្ញាចេញដីការបញ្ជាឲ្យចូលខ្លួននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ដើម្បីអនុវត្តដីការរបស់តុលាការឲ្យមានប្រសិទ្ធិភាព កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បាននាំខ្លួនលោក មឿង សុន មកកាន់អយ្យការ អមសាលាដំបូងខេត្ត ដើម្បីឆ្លើយបំភ្លឺ ប៉ុន្តែមិនបានឃាត់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យស្ត្រីជាដើមបណ្តឹងកើតទុក្ខមិនសុខចិត្ត និងបានអំពាវនាវក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនរូបគាត់ផង។

ទាក់ទងនិងការចោទប្រកាន់នេះលោក មឿង សុន មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ៕