(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តជំហានការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ខាងមុខ និងដើម្បីឧទ្ទិសដល់ទិវាសច្ចធម៌ប្រវត្តិសាស្ត្រខួបលើកទី៤៣ នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា “២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២១”។

កិច្ចប្រជុំការងារខាងលើនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អនុប្រធានក្រុមការងារខេត្តនិងជាប្រធានក្រុមការងារស្រុក ក្រុងទាំង៦ ប្រធានក្រុមការងារឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ទាំង៤៨ និងមានតំណាងយុវជនចូលរួមផងដែរ សរុបចំនួន២៧០នាក់។

បន្ទាប់ពីលោក វ៉ា ថន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះបានធ្វើសេចក្ដីរាយការណ៍ពីវឌ្ឍនភាពសកម្មភាពការងារនៃជំហានផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ និងការចូលរួមយោបល់ពីតំណាងអង្គប្រជុំរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបូកសរុបកិច្ចប្រជុំ ដោយបានគូសបញ្ជាក់លើកសរសើរពីលទ្ធផលជាស្នាដៃការងារដែលមន្ត្រីនិងគណបក្សគ្រប់ថ្នាក់សំរេចបាន និងបានលើកឡើងសង្កត់ធ្ងន់ពីកិច្ចការចំពោះមុខដែលត្រូវជម្រុញអនុវត្តបន្ត ក្នុងជំហានដ៏រឹងមាំ ឆ្ពោះទៅកាន់ការបោះឆ្នោតមូលដ្ឋាននៅឆ្នាំ២០២២ មានជាអាទិ៍៖

១- ការត្រៀមលក្ខណៈល្អសំរាប់ការបើកសន្និបាតឃុំ សង្កាត់ ដើម្បីបូកសរុបសមិទ្ធផល៥ឆ្នាំកន្លងមក និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់រយៈពេល៥ឆ្នាំបន្តទៀត។

២- ផ្អែកលើគោលការណ៍ជាមូលដ្ឋាន និងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ត្រូវបញ្ចប់នីតិវិធីនៃការសំរិតសំរាំងមន្ត្រីមានលក្ខណៈសម្បត្តិសមស្រប ដើម្បីជ្រើសតាំងជាបេក្ខជនសម្រាប់ចូលរួមការបោះឆ្នោត ប្រកួតប្រជែងដណ្ដើមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ។

៣- តាមរយៈសកម្មភាពនៃអំពើល្អគ្រប់រូបភាព គ្រប់ទីកន្លែង ត្រូវជម្រុញខ្លាំងក្លាចលនាជាតិក្រោមមគ្គុទ្ទេសក៍ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បន្តប្រយុទ្ធ ទប់ស្កាត់ គ្រប់គ្រងកូវីដ-១៩ ដើរទន្ទឹមនឹងការដោះស្រាយរាល់ផលប៉ះពាល់សេដ្ឋកិច្ច-សង្គម បង្កដោយជំងឺដ៏កាចសាហាវនេះ ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព វិបុលភាពរបស់ប្រទេសជាតិ និងប្រជាជនយើងជាដរាបតរៀងទៅ៕