(ភ្នំពេញ)៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ក្នុងញត្តិគាំទ្រ ឯកឧត្តម គាត ឈន់ បានគូសបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព ពុទ្ធិ បទពិសោធ និងបញ្ញាញាណ ប្រកបដោយគុណវុឌ្ឃខ្ពស់ និងហ៊ានធ្វើពលិកម្មក្នុងការបូជាកម្លាំងកាយចិត្ត និងបញ្ញាញាណយ៉ាងធំធេងជានិច្ចក្នុងបុព្វហេតុសុភមង្គល និងសុខុមាលភាពជូនដល់ប្រជាជនកម្ពុជា ព្រមទាំងការអភិវឌ្ឍប្រទេសគ្រប់វិស័យ។

ឯកឧត្តម គាត ឈន់ បានគូសបញ្ជាក់ទៀតថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានចក្ខុវិស័យវែងឆ្ងាយ មានភាពប្រាកដនិយម មានគុណធម៌ និងសីលធម៌ ហើយទទួលបានសេចក្តីគោរព និងសេចក្តីស្រឡាញ់ ពីប្រជាជនកម្ពុជា។

ឯកឧត្តម គាត ឈន់ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ធំៗ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមបណ្ឌិត ដើម្បីបុព្វហេតុជាតិ និងការអភិវឌ្ឍមាតុភូមិកម្ពុជាដ៏រុងរឿង៕