(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានថ្លែងទៅកាន់ប្រជាកសិករនៅក្នុងឃុំច្រណូក ស្រុកកំពង់លែងថា តាមសំណូមពររបស់ពួកគាត់ តាមរយៈលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យធ្វើស្រែមួយរដូវទៀត នៅលើដីតំបន់៣ ក្នុងតំបន់គោកព្រះ ក្រោយដកហូត ប៉ុន្តែពេលប្រមូលផលរួច ប្រជាកសិករត្រូវតែប្រគល់ដីស្រែនៅក្នុងតំបន់៣ទាំងអស់នោះ មកទុកជាសម្បត្តិរដ្ឋវិញ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា យោងតាមបទបញ្ជារបស់សម្ដេចតេជោ ដីស្រែនៅក្នុងតំបន់៣ តំបន់គោកព្រះជាង២ពាន់ហិកតា ដែលមន្ត្រី និងប្រជាពលរដ្ឋខិលខូចលួចឈូសឆាយព្រៃលិចទឹកកាន់កាប់ជាកម្មសិទ្ធិនោះថ្មីៗនេះ ត្រូវបានក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្ត បានដកហូតពីក្រុមឈ្មួញធំៗ មកទុកជាសម្បត្តិរដ្ឋវិញ។ កាលពីថ្ងៃទី២ ខែធ្នូ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបានដាំកូនឈើព្រៃលិចទឹកជាង៤ពាន់ដើម មានដើមរាំង ដើមរំដេញ និងដើមសណ្តាន់ នៅលើដីដែលបានដកហូតនោះ ដើម្បីបង្កើនព្រៃលិចទឹកឱ្យបានសម្បូរដូចពីដើមឡើងវិញ សម្រាប់ទុកជាសំបុកត្រីពងកូន ជាជម្រកសត្វស្លាប និងសត្វល្មូនមានពស់ អណ្ដើកជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការដកហូតដីតំបន់៣ ដើម្បីដាំព្រៃលិចទឹកឡើងវិញនេះ ជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង១៦លាននាក់ ព្រោះថា ពេលសម្បូរព្រៃលិចទឹក គឺបឹងទន្លេ សាបនឹងសម្បូរត្រីឡើងវិញ។ ជាមួយគ្នានេះ សត្វស្លាប និងសត្វល្មូននៅក្នុងព្រៃលិចទឹកក៏សម្បូរឡើងវិញផងដែរ។ អ្នកទទួលផលដោយផ្ទាល់នោះ ជាប្រជានេសាទ និងប្រជាកសិករនៅក្នុងមូលដ្ឋានយើងទាំងអស់គ្នានេះហើយ និងពេលមានភ្ញៀវទេសចរ មកលេងកម្សាន្តនោះ យើងជាម្ចាស់មូលដ្ឋានពិតជាមានចំណូលបន្ថែមទៀតសម្រាប់លើក ស្ទួយជីវភាពរស់នៅ។

នៅក្នុងឱកាសនេះ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងថា ពេលណាប្រជាពលរដ្ឋជួបការលំបាកមានទុក្ខកង្វល់ គឺទីនោះពិតជាមានថ្នាក់ដឹកនាំគណបក្សប្រជាពលរដ្ឋជួយដោះស្រាយ។ ជាក់ស្ដែងក្នុងពេលនេះ ពេលប្រជាពលរដ្ឋយើងសំណូមពរ គឺគណបក្សមូលដ្ឋាន និងគណបក្សខេត្ត បានស្នើសុំទៅសម្ដេច ហ៊ុន សែន ជួយដោះស្រាយ ហើយសម្ដេចពេលបានដឹងច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សម្ដេចក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងបានធ្វើស្រែមួយរដូវទៀត តាមសំណូមពរ។ ប៉ុន្តែពេលប្រមូលផលរួចត្រូវប្រគល់ដីតំបន់៣នេះជូនទៅរដ្ឋគ្រប់គ្រងវិញ។

ទាក់ទងនឹងសំណូមពររបស់ប្រជាពលរដ្ឋ លោក ឈុំ ជៀង មេឃុំច្រណូក បានឱ្យដឹងថា ឃុំច្រណូកមាន៤ភូមិ និងប្រជាពលរដ្ឋសរុបមានចំនួន១,៩២៨គ្រួសារ ក្នុងនោះប្រជាកសិករធ្វើស្រែក្នុងតំបន់៣ មានចំនួន ១,៦០២គ្រួសារ។ ជាក់ស្ដែងប្រជាកសិករ ដែលបានសាបព្រោះរួចនៅក្នុងតំបន់៣ មានចំនួន១១៨គ្រួសារ ក្រៅពីនោះប្រជាកសិករទាំងអស់បានដឹកស្រូវពូជ ដឹកជីតាមទូកពេលទឹកឡើងទៅដាក់នៅតាមទីទួលកន្លែង ស្រែត្រៀមបាចជីស្រូវរួចអស់ទៅហើយ។

រឿងនេះបើអាជ្ញាធរហាមឃាត់មិនឱ្យពួកគាត់ធ្វើស្រែមួយរដូវទៀតនោះទេ ពួកគាត់ពិតជាខាតបង់ស្រូវពូជ និងខាតបង់ជីដែលខ្ចីលុយពីធនាគារយកមកទិញ ក្នុងមួយគ្រួសារមិនតិចលានរៀលនោះទេ។ ដូច្នេះ ក្រោយពេលលោអភិបាលខេត្ត បានប្រកាសឱ្យធ្វើស្រែមួយរដូវទៀតនៅក្នុងដីតំបន់៣ ដែលគាត់ធ្លាប់ធ្វើនោះពួកគាត់ពិតជាសប្បាយរីករាយណាស់ ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន និងក្រុមការងារនៅក្នុងខេត្តទាំងអស់ដែលបានជួយដោះស្រាយតាមសំណូមពរបស់ពួកគាត់៕