(ព្រះសីហនុ)៖ រដ្ឋមន្ត្រីនៃអង្គការអន្តរជាតិភាពជាដៃគូ នៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ហៅកាត់ PEMSEA បានឯកភាពគ្នាលើផែនទីរួមមួយ ក្នុងការគ្រប់គ្រង និងការពារអភិរក្សសមុទ្រនៅ ក្នុងតំបន់អាស៊ីបូព៌ា ដើម្បីធានាឱ្យមានចីរភាពពីការគ្រប់គ្រងអភិរក្សតំបន់ឆ្នេរ ក៏ដូចជាពង្រឹងទៅលើសុខុមាលភាពសមុទ្រ និងចរន្តនៃសេដ្ឋកិច្ច។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រទេសទាំង១១ នៃសមាជិកអង្គការ PEMSEA បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលគេហៅសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្រ្តីនៃអង្គការ PEMSEA នៅក្នុងមហាសន្និបាត ដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកនៅក្នុងការការពារ អភិរក្សសមុទ្រ ដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់រយលាននាក់ នៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏បានកំណត់ផែនការយុទ្ធសាស្រ្ត ដើម្បីធ្វើយ៉ាងណា រៀបចំការអភិរក្ស និងការពារឱ្យបានល្អប្រសើរទាំងប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធបរិស្ថាន។

ក្រសួងបរិស្ថានកម្ពុជា និងរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រ លើកទី៧ កាល ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ ដោយផ្តោតលើប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាល ភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ពីសមាជិកអង្គការ PEMSEA ទាំង១១ប្រទេស ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចខៀវ ប្រកបដោយនិរន្តរភាព។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន១១ ក្នុងនោះរួមមាន៖ កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

បើតាមលោក នេត្រ ភក្រ្តា បានឱ្យដឹងថា រដ្ឋមន្ត្រីនៃសមាជិករបស់ PEMSEAដែលមានចំនួន១១ប្រទេស បានពិនិត្យ និងឯកភាពទៅលើការគ្រប់គ្រងតំបន់ឆ្នេរ ការអភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរដោយចីរភាព, ការគាំពារសុខុមាលភាព របស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងការ បង្កើតសមត្ថភាពរបស់ពួកគាត់ ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើតទៅនឹងប្រាក់ចំណូលរបស់ពួកគេ ព្រមទាំងផែនការសកម្មភាពផ្សេងៗដែលបានកំណត់ទិសដៅចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីធានា ឱ្យមានចីរភាពពីការគ្រប់គ្រងអភិរក្សតំបន់ឆ្នេរ។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះការអនុម័តលើសេចក្តីសម្រេចនានា ក៏ដូចជាសេចក្តីប្រកាសនៅទីក្រុងព្រះសីហនុដោយរដ្ឋមន្រ្តីរបស់ PEMSEA នៅក្នុងកិច្ចប្រជុំលើកទី៧នេះ គឺជាផ្នែកមួយនៃការដើរទន្ទឹមគ្នានឹងផែនការអភិរក្ស និងការអនុវត្តខេត្តនៅជាប់សមុទ្រសំដៅធ្វើយ៉ាងណាឱ្យខេត្តទាំងអស់នេះមានសេដ្ឋកិច្ចខ្ពស់ ហើយទាក់ទាញភ្ញៀវទេសចរ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន រួមទាំងរដ្ឋបាលខេត្តថ្នាក់ក្រោមជាតិ បានរៀបចំអនុវត្តគម្រោងការពារ និងអភិរក្សសមុទ្រ និងតំបន់ជុំវិញ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន។ ចំពោះវិធានការការពារ បរិស្ថាន ក៏មានកម្រិតខ្ពស់ ដោយបច្ចុប្បន្ន ខេត្តព្រះសីហនុមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២កន្លែងកំពុងដំណើរការ និងអាងប្រព្រឹត្តកម្មទឹកមួយទៀតកំពុងសាងសង់ ដើម្បីជួយដល់ការគ្រប់គ្រងបរិស្ថានកាន់តែល្អប្រសើរថែមទៀត»

លោកបានបន្ថែថា៖ «ចំពោះឆ្នេរសមុទ្រយើង គឺគ្រប់គ្រងបានល្អ យើងបានកាត់បន្ថយការបំពុល ពិសេសការបំពុលដោយប្លាស្ទិកតែម្តង។ទាំងនេះគឺជាគោលការណ៍របស់អង្គការ PEMSEA ដែលផ្តោតសំខាន់ទៅលើការបំពុលបរិស្ថានសមុទ្រ ដូចជាការបំពុលដោយបា្លស្ទិក ការនេសាទហួសកម្រិតលើធនធាន និងរួមទាំងការ ប៉ះពាល់ផ្សេងៗទៀត»

ថ្លែងនៅក្នុងសុន្ទរកថារបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា «រយៈពេល២ឆ្នាំមកនេះ គឺជាពេលវេលាដ៏លំបាកមួយសម្រាប់តំបន់យើង ហើយពិភពលោក ទាំងមូលបានធ្លាក់ចូលក្នុងវិបត្តិសុខាភិបាលមួយមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ នៅក្នុងសុន្ទរកថាគន្លឹះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានសង្កត់ធ្ងន់ដែរថា «រឿងដំបូងដែលខ្ញុំចង់ផ្តោតនៅទីនេះ នោះគឺសមិទ្ធផល ជាច្រើននៃកិច្ចសហប្រតិបត្តិករបស់យើងនៅក្រោមយន្ដការ PEMSEA។ ទាំងនេះបង្កើតបានជាមូលដ្ឋានគ្រឹះយ៉ាងរ៉ឹងមាំសម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខនៃរបៀបវារៈ របស់យើងដើម្បីធានាឱ្យបានការគាំពារសមុទ្រ, ការរស់នៅប្រកបដោយចីរភាព និងសេដ្ឋកិច្ចមហាសមុទ្រប្រកបដោយចីរភាព (sustainable blue economy) ដែលជា កត្តាជំរុញកំណើនសេដ្ឋកិច្ច។ យើងប្រើប្រាស់សមិទ្ធផលជាមូលដ្ឋាន»

លោកបន្តថា «ដូច្នេះហើយវាពិតជាចាំាបាច់ណាស់ PEMSEA របស់យើងក្នុងការជំរុញ និងគាំទ្រដល់ សុខមាលភាព និងភាពធន់នៃតំបន់ឆ្នេរ និងមហាសមុទ្រ ព្រមទាំងសហគមន៍ក៏ដូចជាសេដ្ឋកិច្ចនៅទូទាំងតំបន់សមុទ្រអាស៊ីបូព៌ាតាមរយៈការធ្វើសមាហរណកម្មដំណោះស្រយគ្រប់គ្រង និងភាពជាដៃគូ។ តាមរយៈយន្ដការ PEMSEA យើងកំពុងស្ថិតនៅលើទីតាំងដ៏ល្អ ដើម្បីផ្ដល់ដំណោះស្រាយសម្រាប់ការគ្រប់គ្រងតំបន់ឆ្នេរ និងមហាសមុទ្រប្រកបដោយប្រសិទ្ធភាពនៅទូទាំងសមុទ្រអាស៊ីបូព៌ា ដូចដែលយើងបាននឹងកំពុងធ្វើក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ»