(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារ៣ចំណុច ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងបេក្ខជនប្រឡងបាក់ឌុប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

សារទាំង៣ចំណុច របស់លោក រស់ សុវាចា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ រួមមាន៖

១៖ ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមលើកកម្ពស់ការបង្រៀន រៀន និងការចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ-១៩។

២៖ សូមបេក្ខជនប្រឡងបាក់ឌុប បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងការចូលរួមប្រតិបត្តិវិធានការ សុវត្ថិភាព សុខភាព។ សូមបេក្ខជនប្រឡងបាក់ឌុប ប្រយ័ត្នប្រយែងពេលធ្វើដំណើរតាមដងផ្លូវដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍។ សូមបេក្ខជនប្រឡងបាក់ឌុប «ញ៉ាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល»។

លោក រស់ សុវាចា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សិស្សានុសិស្សរៀនតាមកម្មវិធីសិក្សាបង្រួញ តាមរយ:ការអប់រំបែបចម្រុះ គឺសិស្សរៀនក្នុងថ្នាក់ឆ្លាស់វេនគ្នាផង រៀនអនឡាញផង ធ្វើស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការ និងមេរៀនសង្ខេប។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែជូនធនធានអប់រំឌីជីថល សម្រាប់សិស្សានុសិស្សបន្តរៀនអនឡាញ គ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស។

៣៖ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មាតាបិតាមេត្តា បន្តជួយដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ។

លោកយល់ច្បាស់ពីគ្រាដ៏លំបាកមួយនេះ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែង ពីមាតាបិតាជូនសិស្សានុសិស្ស ជាពិសេសបេក្ខជនប្រឡងបាក់ឌុប។
សូមមាតាបិតាបន្តលើកទឹកចិត្ត និងជួយសិស្សានុសិស្សនិងបេក្ខជនប្រឡងបាក់ឌុប ឲ្យអនុវត្តន៍លំហាត់ និងរៀនបន្ថែមនៅផ្ទះ។

បន្ថែមពីនោះទៀត លោក រស់ សុវាចា ក៏សូមមាតាបិតារៀបចំទឹក ម៉ាស់ អាល់កុលលាងដៃ ឲ្យបេក្ខជនយកមកមណ្ឌលប្រឡងបាក់ឌុប។ សូមបងប្អូនចាំថា ទោះចាក់វាក់សាំងហើយ ត្រូវកៀកកើយ ៣កុំ ៣ការពារ។

សូមបញ្ជាក់ថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០-២០២១ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់សម័យប្រឡង និងដំណើរការរៀបចំប្រឡង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕