(ពោធិ៍សាត់)៖ ក្រុមចោរហារយ បានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះ០២នាក់ នៅកណ្តាលក្រុងពោធិ៍សាត់ ខណៈកំពុងតែឌុបគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ រួចយកទូរស័ព្ទ និងសម្ភារមួយចំនួន ជិះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៨ និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវលេខជាតិ៥ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ មានករណីចោរឆក់កាបូបលុយ ចំនួន០១ករណី បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកអិចសង់ទ័រ ព័ណ៌ទឹកក្រូច គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបលុយជនរងគ្រោះ ដែលកំពុងតែជិះម៉ូតូគ្នា០២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ប្រភពបន្តថា ជនរងគ្រោះទី១ មានឈ្មោះ យឹម សុផល ភេទស្រី អាយុ៤២ឆ្នាំ មុខរបរអ្នកលក់ដូរ រស់នៅភូមិកែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ)។ ជនរងគ្រោះទី២ មានឈ្មោះ យឹម សារ៉េត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (មិនមានរងរបួសទេ)។ ចំពោះសម្ភារៈបាត់បង់រួមមាន កាបូបស្ពាយ ចំនួន០១, ទូរស័ព្ទដៃ ចំនួន០២គ្រឿង (ម៉ាកអាយហ្វូន) និងលុយខ្មែរ ចំនួន១០ម៉ឺនរៀល។

ជុំវិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមរកមុខសញ្ញាជនសង្ស័យ មកចាត់ការតាមនិតិវិធី៕