(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ក្នុងញត្តិគាំទ្ររបស់ឯកឧត្តមនីតិកោសលបណ្ឌិត ប៊ិន ឈិន ធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានគូសរំលេចថា ការគាំទ្រនេះ ដោយពិនិត្យឃើញនូវគុណសម្បត្តិដ៏វិសេសវិសាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលជាឥស្សរជនជាតិដ៏ឆ្នើមដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស។

ឯឧត្តម ប៊ិន ឈិន បន្ថែមថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរជនក្នុងជួរថ្នាក់ដឹកនាំយុវជនដែលពោពេញទៅដោយសមត្ថភាព ចំណេះដឹង ចំណេះធ្វើ បទពិសោធការងារ ដែលមានការដឹកនាំប្រកបដោយភាពចាស់ទុំ មានសីលធម៌ គុណធម៌ និងកិរិយាមាយាទប្រកបដោយព្រហ្មវិហារធម៌ ទាំងការងារទំនាក់ទំនងជាតិនិងអន្តរជាតិ ជាឥស្សរជនដែលតែងតែគិតគូរដោះស្រាយរាល់ការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជួយសម្រួលរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលជាចរិកដឹកនាំដ៏ថ្លៃថ្លាតាមលំអានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាលោកឪពុកតាំងពីដើមរៀងមក។

ឯកឧត្តម ប៊ិន ឈិន បានគូសរំលេចទៀតថា គុណសម្បត្តិដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានចំពោះមុខទាំងអស់នេះ បានធ្វើឱ្យមានការកោតសរសើរយ៉ាងក្រៃលែងពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ចំខួប៤៣ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលជាចលនារំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេច ជាបេក្ខភាពនាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

សម្រាប់កិច្ចការងារនយោបាយ ឯកឧត្តម ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ដែលមានវ័យក្មេងជាងគេ ហើយលោកក៏ជាប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕