(បន្ទាយមានជ័យ)៖ ជនជាតិថៃ១៤៣នាក់ (ស្រី៥៦នាក់) ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញនៅសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញពួកគេលួចឆ្លងដែន ចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ពិធីប្រគល់ទទួលនេះភាគីកម្ពុជា-ថៃ បានធ្វើឡើងនៅលើស្ពានមិត្តភាពច្រកអន្តរជាតិប៉ោយប៉ែត ជាប់ព្រំប្រទល់ច្រកខ្លងលឹក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ស្នងការរង នាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូបផងដែរ។

ភាគីថៃដឹកនាំប្រតិភូមកទទួលជនជាតិរបស់ខ្លួនគឺលោកឧត្តមសេនីយ៍ទោ SORICHHET HAKPHAN ជំនួយការអគ្គស្នងការនគរបាលជាតិថៃ តំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និងក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជាផងដែរ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ថៃទាំង១៤៣នាក់នេះ ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ពន្ធ័ករណីលួចឆ្លងដែនចូលកម្ពុជាតាមរយ:មេខ្យល់ មកស្នាក់នៅ និងធ្វើការខុសច្បាប់៕