(ភ្នំពេញ)៖ ក្រុមប្រឹក្សា គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិកសាស្ត្រាចារ្យ សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូប ដែលបានសិក្សារៀនសូត្រជ្រៅជ្រះខ្ពង់ខ្ពស់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ហើយទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានមនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងបានរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕