(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រងវាលស្បូវ នាព្រឹកថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២១នេះ បានរៀបចំពិធីក្រុងពាលីបុកគ្រឹះបើកការដ្ឋានសាងសង់អគារសិក្សា ០១ខ្នង មាន១៥បន្ទប់ ដើម្បីពង្រីកបណ្តុះបណ្តាលនិស្សិត ឲ្យមានជំនាញច្បាស់លាស់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រសួងអប់រំផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក លី សុខហេង សាកលធិការងសាកលវិទ្យាល័យជាតិគ្រប់គ្រងវាលស្បូវ បានឲ្យដឹងថា ក្នុងការអភិវឌ្ឍន៍សាកលវិទ្យាល័យនេះ បានចាប់ផ្ដើមជាច្រើនខែមកហើយ ដែលមានផ្ទៃដី៦ហិកតា ទទឹង៩ ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ យើងបានទទួលថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបន្ទុកក្នុងការសាងសង់នេះ។

លោកបានបន្ដថា គម្រោងសាងសង់អគារថ្មីនេះ មានរយៈពេលជាង ១ឆ្នាំ ដែលអាចនឹងរួចរាល់នៅអំឡុងខែកុម្ភៈ នៅឆ្នាំ២០២៣ ។ ទីតាំងនេះគឺជាទីតាំងបន្ថែមនៃទីតាំងគោលសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលនៅចំកណ្ដាលទីក្រុងភ្នំពេញ ហើយទីតាំងនេះក៏ជាគំនិតផ្ដួចផ្ដើមរបស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ផ្ដល់ឱ្យសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សាកលវិទ្យាធិការរងរូបនេះ បានបង្ហាញអំពីការអភិវឌ្ឍនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយលើកឡើងអំពីមហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល។ មហាវិទ្យាល័យនេះមានមុខវិជ្ជាចំនួន៣ រួមមាន៖ ១៖ សេដ្ឋកិច្ចឌីជីថល ២៖ បច្ចេកទេសហិរញ្ញវត្ថុ ៣៖ ការគ្រប់គ្រងអភិវឌ្ឍទីក្រុង។ ក្នុងមួយឆ្នាំៗសាកលវិទ្យាល័យងជ្រើសរើសនិស្សិតបាន៣០នាក់ក្នុងមួយមុខវិជ្ជា។

លោកបានបញ្ជាក់ថា ការសិក្សានៅសាកលវិទ្យាល័យ គឺធ្វើឡើងដោយមិនប្រកាន់និន្នាការរបស់នយោបាយនោះទេ គឺដើម្បីឱ្យនិស្សិតទាំងអស់ មកបង្ហាញសមត្ថភាពសម្រាប់ជួយដល់ប្រជាជន និងមាតុភូមិ ៕