(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបង្កើនគម្រោងថវិកាសម្រាប់អភិវឌ្ឍន៍ឃុំ ឬសង្កាត់ជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០២២ខាងមុខនេះ ឃុំឬសង្កាត់នីមួយៗ នឹងទទួលបានថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ប្រមាណ៧ម៉ឺនដុល្លារ ហើយនៅឆ្នាំ២០២៤ រដ្ឋាភិបាលមានគម្រោងដំឡើងដល់ប្រមាណ ១០ដុល្លារអាមេរិក។

នេះបើតាមប្រសាសន៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានថ្លែងក្នុង ឱកាសចូលរួមសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នៅព្រឹទ្ធសភា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

លោកបានគូសបញ្ជាក់ថា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ឃុំសង្កាត់ រាជរដ្ឋាភិបាលបានបង្កើនឱ្យមានធនធានគ្រប់គ្រាន់ ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់អនុវត្តមុខងារ បំពេញភារកិច្ចជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយដល់ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដោយនៅឆ្នាំ២០២២ ខាងមុននេះ ថវិកាជាតិសម្រាប់ឃុំសង្កាត់នីមួយៗ សម្រាប់អភិវឌ្ឍឃុំសង្កាត់របស់ខ្លួន បានកើនឡើងដល់ប្រមាណ៧ម៉ឺនដុល្លារ កើនលើសឆ្នាំ២០២១ ប្រមាណ១ម៉ឺន ដែលមានចំនួនតែប្រមាណ ៦ម៉ឺនដុល្លារក្នុងមួយឃុំឬសង្កាត់។

ជាមួយគ្នានេះ ការវិភាជថវិកាសម្រាប់ឃុំសង្កាត់នេះ នឹងបន្តកើនឡើងជាបន្តបន្ទាប់ ដែលតាមគម្រោងគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ និង២០២៤ ខាងមុខ គម្រោងថវិកាសម្រាប់ ឃុំឬសង្កាត់នីមួយៗ នឹងកើនឡើងដល់ជាមធ្យមដល់១០ម៉ឺនដុល្លារផងដែរ។

ដើម្បីឱ្យការប្រើប្រាស់ថវិកាជាតិ សម្រាប់បម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ ឬសង្កាត់របស់ខ្លួនកាន់ តែមានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាលនឹងកសាងសមត្ថភាពធនធានមនុស្ស តាមរយៈក្រសួងសេដ្ឋកិច្ច ធ្វើការជាមួយក្រសួងមហាផ្ទៃ បណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីថ្នាក់ក្រោមជាតិ នាពេលខាងមុខ៕