(កំពង់ធំ)៖ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចែកអំណោយមនុស្សធម៌ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៧៧៧គ្រួសារ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានរាយការណ៍ថា ស្រុកស្ទោងមានចំនួន១៣ឃុំ ដោយឡែកនៅក្នុងឃុំពាមបាងនេះ គឺជាឃុំដែលរស់នៅលើផ្ទៃទឹក មានចំនួន៥ភូមិ ហើយប្រជាពលរដ្ឋប្រកបមុខរបរនេសាទ មិនមានគ្រួសារណាធ្វើស្រែចម្ការនោះទេ ដូច្នេះធ្វើឲ្យពួកគាត់មានការលំបាក និងមានជីវភាពខ្វះខាត ដោយសារការនេសាទមិនបានគ្រប់គ្រាន់ រកបានព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក។

លោកស្រី ហួន ច័ន្ទបូរ៉ា បានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ និងបានចាត់តាំងក្រុមការងារកាកបាទក្រហមថ្នាក់កណ្ដាល រួមជាមួយនឹងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបការលំបាកនៅពេលនេះ។

លោក ងួន រតនៈ បានលើកឡើងថា អំណោយទាំងនេះគឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្តកាកបាទក្រហម លោកមេភូមិ លោកមេឃុំ ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត រហូតដល់កាកបាទក្រហមថ្នាក់កណ្ដាលអំពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា។

លើសពីនេះទៀត លោក ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្ទៃបឹងទន្លេសាប សូមចូលរួមថែរក្សាតំបន់អភិរក្សដើម្បីការពារធនធានធម្មជាតិឱ្យមានការសម្បូរឡើងវិញ ហើយមាននិរន្តរភាពតកូនតចៅទៅមុខទៀត។

លោកបានបន្តថាការផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។

លោកថា ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះមានតិចតួច មិនបានជួយដល់ប្រជាពលរដ្ឋយូរអង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយប្រជាពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរនិង មានការប្រុងប្រយ័ត្នខ្ពស់ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមានការរាគរួសង្កជាជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាព។

គួរជម្រាបថា សម្ភារៈដែលទទួលបានក្នុង១គ្រួសារមានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អាវ១៕