(ព្រះសីហនុ)៖ បន្ទាប់ពីមានករណីមនុស្សលង់ទឹកស្លាប់ដោយសារការលង់ទឹក ក្នុងពេលចុះលេងទឹកសមុទ្រជាបន្ទាប់ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំបង្កើតប៉មនៅតាមបណ្តោយឆ្នេរសមុទ្រសម្រាប់ដាក់ឆ្មាំ ដើម្បីរង់ចាំសង្គ្រោះ និងការកំណត់ព្រំដែនសុវត្ថិភាពសម្រាប់អ្នកលេងទឹកជាដើម។

ជាក់ស្តែងក្រោយពេលរាជ រដ្ឋាភិបាលបើកឱ្យពលរដ្ឋដើរកម្សាន្តក្នុងក្របខណ្ឌទេសចរណ៍ផ្ទៃក្នុងឡើងវិញ ក្រោយពីមានភាពធូរស្បើយនៃការរាតត្បាតដោយជំងឺកូវីដ១៩មក គឺមានមនុស្សស្លាប់ដោយសារលង់ទឹកនៅតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុចំនួន៦នាក់ហើយ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងដំណើររៀបចំមហា សន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «យើងបានរៀបចំបង្កើតប៉ម និងដាក់ឆ្មាំឃ្លាំ មើលដល់អ្នកទេសចរចុះលេងទឹកសមុទ្រ និងបានរៀបចំដាក់ពោងរនាំងការពារនៅតំបន់មាត់សមុទ្រ ដែលជាកន្លែងចុះលេងទឹករបស់អ្នកទេសចរ។ ការធ្វើប៉មនេះ អាចជួយសង្រ្គោះដល់ភ្ញៀវទេសចរ ក្នុងករណីកើតមានឧប្បត្តិហេតុណាមួយកើតឡើង»

លោក គួច ចំរើន បានបន្តថា ការដាក់ឆ្មាំ និងការកំណត់ព្រំដែនសម្រាប់អ្នក លេងទឹកនេះ គឺដើម្បីធានាសុវត្ថិភាព ក៏ដូចជាផ្តល់ទំនុក ចិត្តដល់ភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តនៅតំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ពិសេសដល់អ្នក ទេសចរចុះលេងទឹក។

លោកអភិបាលខេត្ត បានឱ្យដឹងថា មកដល់ពេលនេះ គឺមន្ត្រីជំនាញកំពុងសាងសង់ប៉មឆ្មាំសមុទ្រ ចំនួន១២កន្លែងបន្ថែមទៀត ដើម្បី ត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេស នៅពេលមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។

បើតាមលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ប៉មសម្រាប់ឆ្មាំឈររង់ចាំការពារសុវត្ថិភាពអ្នកទេសចរនេះ ត្រូវបានរៀបចំទៅតាមស្ថានភាពជាក់ស្តែង ខណៈមិនទាន់រកបានគ្រប់ គ្រាន់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងការជួយសង្គ្រោះ នៅពេលអ្នកទេសចរជួបគ្រោះថ្នាក់ដោយសារការលេងទឹកបាននៅឡើយ ខណៈនឹងបញ្ជូនមន្ត្រីឱ្យទៅរៀនផ្នែកសង្គ្រោះករណីលង់ទឹកឱ្យបានជាង២០នាក់បន្ថែមទៀត។

លោក គួច ចំរើន បានថ្លែងថា «ឆ្មាំដែលដាក់យាម ត្រូវតែមានការយល់ដឹងពីវិធីសាស្រ្តនៃការជួយសង្គ្រោះដល់អ្នកទេសចរដែលជួបគ្រោះថ្នាក់ដោយការលង់ទឹក មិនមែនចេះតែផ្លុំ កញ្ចែតែមួយមុខបាននោះទេ»

លោកអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរត្រូវបង្កើនការប្រុងប្រយ័ត្ន នៅពេលចុះលេងទឹកនៅទីតាំងណាមួយ ត្រូវមានពោងសុវត្ថិភាព និងកុំចុះលេងទឹកសមុទ្រ នៅកន្លែងណាដែលមានរលកធំៗ និងទឹកជ្រៅ។ បន្ថែមពីនេះសម្រាប់អាជីវករលក់ដូរនៅ តាមឆ្នេរត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន តាមទីតាំងរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ព្រោះបរិស្ថានស្អាត អាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត ដោយសារភ្ញៀវត្រូវការភាពស្អាត និងបរិស្ថានល្អ៕