(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ត្រូវបានឪពុករបស់លោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

ក្រោយការប្រកាសនេះតំណាងក្រសួងស្ថាប័ន អង្គភាពនានា មន្រ្តីរាជការខ្ពង់ខ្ពស់ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាគមន៍ និងវិស័យឯកជន បានចេញញត្តិគាំទ្រដល់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្រាប់ លោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី។ ក្នុងជួររដ្ឋាភិបាល ការគាំទ្រមានចាប់ពីថ្នាក់ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាដើមនៅក្នុងស្ថាប័ននីតិបញ្ញត្តិ មានទាំងថ្នាក់ដឹកនាំសភា ព្រឹទ្ធសភា និងតំណាងរាស្រ្ត ព្រមទាំងថ្នាក់ក្រោមជាតិមាន អភិបាលរាជធានី-ខេត្តទូទាំងប្រទេសផងដែរ។

ការចេញញត្តិគាំទ្រនេះ បានក្លាយទៅជាចលនាយ៉ាងផុសផុលនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញព័ត៌មាន Fresh News តែម្តង ដោយសារពួកគាត់មានការស្រលាញ់ពេញចិត្តនឹងលក្ខណៈសម្បត្តិ សមត្ថភាព សកម្មភាព និងទឹកចិត្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

នៅក្នុងសារគាំទ្រភាគច្រើនបំផុតបានលើកឡើងថា «ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»

សារគាំទ្រដែលកំពុងផ្ទុះភ្លូកទឹកភ្លូកដីនេះ ក៏បានអះអាងថា «ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា»។

«ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានសិក្សារៀនសូត្រ ជ្រៅជ្រះខ្ពង់ខ្ពស់ មានសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ហើយទទួលបាននូវការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដោយបានតម្កល់ទុកឧត្តមប្រយោជន៍ជាតិជាធំ អាចរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។ នេះជាការលើកឡើងបន្ថែមនៅក្នុងសារគាំទ្រ។ 

ក្នុងសារគាំទ្ររបស់ខ្លួន ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់គ្នា ដែលបម្រើការងារនៅស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) មានជំនឿយ៉ាងមុតមាំថា លោក ម៉ាណែត ពិតជាឥស្សរជនដែលស័ក្ដិសមជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

ដោយឡែកសម្រាប់នៅក្នុងវិស័យកងកម្លាំងប្រដាប់អាវុធ ក៏បានបង្ហាញសារគាំទ្រយ៉ាងច្រើនក្នុងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់, នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ច្រើនរូបទៀត ព្រមទាំងមន្រ្តីយោធាតាមបណ្តាភូមិភាគ, កងពល និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាមបណ្តាខេត្តទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ បុគ្គលជាច្រើននៅក្នុងស្ថាប័នតុលាការទូទាំងប្រទេសក៏មានសារគាំទ្រទាំងស្រុងនេះ។

លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ប្រកាសចេញពីខេត្តព្រះសីហនុ កាលពីម្សិលមិញ ដោយគាំទ្រយ៉ាងពេញទំហឹងឱ្យ ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ ក្នុងចំណោមបេក្ខភាពមួយចំនួនទៀតនៅថ្ងៃអនាគត ហើយសម្តេចបានអះអាងថា ទោះជាយ៉ាងនេះក្តី លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ការបោះឆ្នោត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។ លោកបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធារបស់អាមេរិក West Point។ សម្រាប់កិច្ចការងារនយោបាយ លោកក៏ជាប្រធានយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ៕