(ព្រះសីហនុ)៖ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។

ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន១១ ក្នុងនោះរួមមាន៖ កម្ពុជា សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មហាសន្និបាតដែលជាកាលានុវត្តភាពមាស សម្រាប់កម្ពុជា បង្ហាញទៅពិភពលោក ពីភាពជាអ្នកដឹកនាំ បង្ហាញពីសក្តានុពលនៃខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាបង្ហាញនូវសមិទ្ធផលពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើទំនើបកម្មខេត្តព្រះសីហនុ ជាពិសេសការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៧ខ្សែ ការសាងសង់អាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ ទឹកកខ្វក់ រួមនឹងការរចនាតំបន់ឆ្នេរដ៏ស្រស់ស្អាត ជាផ្នែកមួយនៃការបង្កើនសក្តានុពលខេត្តព្រះសីហនុ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍ សេដ្ឋកិច្ចបន្ថែមទៀត។

លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តទាំង៤ ដែលមានដែនដីជាប់មាត់សមុទ្របាន រៀបចំនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនានាក្នុងការ អភិរក្សឆ្នេរសមុទ្រ ធនធានសមុទ្រដែលមាន រួមនឹងការកាត់បន្ថយការបំពុលសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនសុខុមាលភាពសមុទ្រ និងជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ និងកោះនានា»

អ្នកនាំពាក្យរូបនេះ បានបន្តថា ពិភពលោកនឹងស្គាល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្តានុពលនៃខេត្តជាប់មាត់សមុទ្ររបស់កម្ពុជារួមមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែបដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៤៤០គីឡូម៉ែត្រ ហើយក៏បានស្ថិតក្នុងចំណោមឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកដែរ។

បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិការដ្ឋមន្ត្រី លើកទី៧ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់យើង។

តាមរយៈវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ (the PEMSEA Network of Local Governments (PNLG) បានរួមគ្នាអនុម័តនូវសេចក្តីប្រកាសរួមខេត្តព្រះសីហនុ (Preah Sihanouk Declaration) ដែលបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងៗទៀត។

លោក គួច ចំរើន បានបន្ថែមថា បណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា បានប្តេជ្ញាថានឹងខិតខំធ្វើការសហការគ្នាជាបណ្តាញ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រសកម្មភាព PNLG ឆ្នាំ២០២២-២០៣០ ឱ្យមានប្រសិទ្ធភាពស្របតាមកម្មវិធីធំៗចំនួន ៣រួមមាន៖

*ទី១៖ ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ

*ទី២៖ ការចូលរួមអនុវត្តកម្មវិធីគ្រប់គ្រងពាក់ព័ន្ធនឹងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDGs) មានជាអាទិ៍៖ គោលដៅទី៦ ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងទឹក, គោលដៅទី១១ ស្តីពីការការពារសមុទ្រ និងការកាត់បន្ថយការបំពុល, គោលដៅទី១៣ ស្តីពីការបន្សំ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, គោលដៅទី១៤ ស្តីពីការអភិរក្សជីវៈចម្រុះ និងការស្ដារ ឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។

*ទី៣៖ លើកកម្ពស់ការគ្រប់គ្រង ការវាយតម្លៃ និងការរាយការណ៍ក្នុងនាមជាសមាជិកបណ្តាញ ដើម្បីអភិវឌ្ឍសកម្មភាពប្រកបដោយចីរភាព សម្រាប់ទសវត្សថ្មី ជាមួយការប្តេជ្ញាចិត្តជាថ្មី ក្នុងកម្រិតតំបន់ និងអន្តរជាតិដូចជាផែនការយុទ្ធសាស្ត អភិវឌ្ឍដោយចីរភាព សម្រាប់សមុទ្រអាស៊ី-បូព៌ា (SDS SEA) ឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវ PEMSEA ឆ្នាំ២០៣០ ក្របខណ្ឌអភិវឌ្ឍជីវៈចម្រុះ និងផែនការយុទ្ធសាស្ត្រគ្រប់គ្រង អភិវឌ្ឍតំបន់ឆ្នេរ និងសមុទ្រដទៃទៀត៕

គួររម្លឹកឱ្យដឹងថា ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្ទអាស៊ីបូព៌ា ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែធ្នូ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ។

គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖

*ទី១៖ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

*ទី២៖ បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ

*ទី៣៖ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា៕