(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យលោក វៀន ហ៊ុយតាំង (NGUYEN Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារ។

បើតាម លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការងារមួយចំនួនស្តីពីកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់សមិទ្ធផលកន្លងមកទាក់ទងនឹងការបោះបង្គោលព្រំដែននេះ។

កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ៕