(បាត់ដំបង)៖ ក្រុមការងារសាលាឧទ្ធរណ៍បាត់ដំបង បានចុះធ្វើអធិការកិច្ចនៅមន្ទីរស៉ើបសួរសាលាដំបូងខេត្ត និងអយ្យការអសាលាដំបូងខេត្ត ចំនួន៣ រយ:ពេល៣ថ្ងៃនៅ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប។

ការចុះអធិការកិច្ចនេះបានធ្វើឡើងនៅចាប់ពីថ្ងៃទី១,២,៣ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយលោក ធូ មណី អនុប្រធានសាលាឧទ្ធរណ៍ និងជាសភាស៉ើបសួរនៃសាលាឧទ្ធរណ៍បាត់ដំបង លោក ញួង ធុល អនុប្រធានសាលាឧទ្ធរណ៍បាត់ដំបង និងលោក រៀម ចន្ទម្នី ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ជាតំណាងអគ្គព្រះរាជនៃមហាអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង, លោកស្រី ទៀង សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង និងក្រឡាបញ្ជី ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង។

លោកស្រី ទៀង សំបូរ បានឲ្យដឹងថា សភាស៉ើបសួរឧទ្ធរណ៍បាត់ដំបង បានចុះអធិការកិច្ចនៅមន្ទីស៉ើបសួរសាលាដំបូងខេត្ត និងអយ្យការអសាលាដំបូងខេត្ត ជាសមត្ថកិច្ច ដូចខាងក្រោម៖

* ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
* ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
* ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប។

លោកស្រីបានបញ្ជាក់ថា ការចុះអធិការកិច្ច សភាស៉ើបសួរនេះគឺ មានគោលបំណងដើម្បីពង្រឹងកិច្ចការងារចៅក្រមស៉ើបសួរមាន៖

* ការរាយការណ៍ពីសមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមករបស់ចៅក្រមស៉ើបសួរ
* ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសាលាឧទ្ធរណ៍បាត់ដំបង ជាមួយសាលាដំបូងជាសមត្ថកិច្ច
* ពិនិត្យសំណុំរឿងក្នុងឃុំ
* ពិនិត្យចំណាត់ការរបស់ចៅក្រមស៉ើបសួរ
* ពន្លឿននីតិវិធីចៅក្រមស៉ើបសួរ ជៀសវាងការកកស្ទះសំណុំរឿង
* ពិនិត្យការចុះបណ្តឹងឧទ្ធរណ៍ ការបញ្ជូនបណ្តឹង បញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍
* នីតិវិធីការឃុំខ្លួនបន្តរបស់ចៅក្រមស៉ើបសួរ
* ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

លោកស្រី ទៀង សំបូរ បានបន្តថា មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង មានគោលបំណងដើម្បីពង្រឹងកិច្ចការងារអយ្យការដើម្បី៖

* បង្កើននូវទំនាក់ទំនង និងកិច្ចសហការរវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងអយ្យការអមសាលាដំបូងខេត្តជាសមត្ថកិច្ច
* ពិនិត្យ និងពង្រឹងចំណាត់ការនៅក្នុងសំណុំរឿង
* ជួយពង្រឹងកិច្ចការសវនាការឱ្យស្របតាមតាមនីតិវិធី
* ការបញ្ជូនជនជាប់ឃុំទៅជំនុំជម្រះឱ្យបានទាន់ពេលវេលា
* ការបន្តកិច្ចការពង្រឹងសមត្ថភាពមន្ត្រីនគបាលយុត្តិធម៌នៅក្រោមសមត្តកិច្ច ដោយអយ្យការអមសាលាដំបូងខេត្ត
* រាល់បណ្តឹងឧទ្ធណ៍របស់តំណាងអយ្យការ ត្រូវដាក់សារណាឱ្យបានលឿន និងឆាប់រហ័ស
* បញ្ជូនដីកាសម្រេច សាលក្រមព្រហ្មទណ្ឌ មកមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងឱ្យបានទាន់ពេលវេលា
* ការផ្តល់របាយការណ៍ចំណាត់ការផ្សេងៗ របស់អយ្យការឱ្យបានជាប្រចាំខែ
* ការផ្តល់បញ្ជីរាយនាមជនជាប់ឃុំដែលជាប់បណ្តឹងឧទ្ធរណ៍ ឱ្យបានជាប្រចាំខែ
* ការដោះស្រាយបញ្ហាប្រឈមផ្សេងទៀតឲ្យបានទាន់ពេលវេលាផងដែរ៕