(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា និងអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតដោយ សារវិបត្តិកូវីដ-១៩ និងប្រជាការពារភូមិ ចំនួន ៦១២គ្រួសារ នៅក្នុងសង្កាត់ទាំងបួន នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

សូមបញ្ជាក់ថា ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ប្រជាការពារ មាន ៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន អាវរងា១ ភួយ១ ក្រមា១ និងថវិកាចំនួន ៥០០០០រៀល៕