(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌ បានរៀបចំពិធីចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនមនុស្សចាស់ដែលរស់នៅក្នុងមូលដ្ឋានយកទៅប្រើប្រាស់ តាមសេចក្តីត្រូវការរបស់ខ្លួន ពិសេសក្នុងពេលអាកាសធាតុនឹងចុះត្រជាក់ខ្លាំង។

លោក ធឹម សំអាន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធររៀបចំជាសម្ភារៈមួយចំនួន ចែកជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋាន ពិសេសនៅកំឡុងពេលដែលអាកាសធាតុចុះត្រជាក់។ លោកបន្តថា ការចែកអំណោយជាអាវរងា និងភួយនេះ និងបន្តចែកនៅទូទាំង៧សង្កាត់ ដោយចែកជូនជាបន្តបន្ទាប់ជារៀលរាល់អាទិត្យ ធ្វើយ៉ាងមិនឲ្យប្រជាពលរដ្ឋមានការលំបាក ក្នុងនោះនៅពេលឆាប់ៗនេះ និងបន្តធ្វើការចែកអំណោយជាស្បៀង និងបន្លែបន្ថែមទៀត ដើម្បីជួយសម្រាលទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាដរាប។

លោកអភិបាលខណ្ឌបឹងកេងកង ក៏បានក្រើនរំលឹកឲ្យលោកតា លោកយាយបន្តថែទាំសុខភាព បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឲ្យបើកប្រទេសឡើងវិញក៏ដោយ។ លោកអភិបាលខណ្ឌ បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជាមិនទាន់បានបញ្ចប់នៃជំងឺកូវីដ១៩នៅឡើយ។

ក្នុងឱកាសនោះ លោក ធឹម សំអាន បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងផ្ដាំផ្ញើសេចក្ដីនឹករលឹក ចំពោះប្រជាពលរដ្ឋពិសេសជនចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ឃួង ស្រេង និងលោកស្រី ដែលសូមគោរពជូនពរប្រជាពលរដ្ឋ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា ជនចាស់ជរា ចំនួន៧០នាក់ ត្រូវបានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកនេះ ដែលក្នុងនោះ ទទួលបានអាវរងាចំនួន០១ ភួយ០១ ក្រម៉ា០១ និងថវិកា៥ម៉ឺនរៀលផងដែរ។ តាមរយៈអំណោយនេះ នឹងផ្តល់អត្ថប្រយោជន៍ ជូនប្រជាពលរដ្ឋការពារសុខភាពរបស់ពួកគាត់នារដូវរងា ដែលតែងតែនាំមកនូវជំងឺផ្សេងៗ ពិសេសជំងឺផ្តាសាយ ដែលជំងឺផ្តាសាយនេះ នឹងងាយនាំមកនូវការឆ្លងជំងឺកូវីដ១៩៕