(ភ្នំពេញ)៖ លោកស្រី សួស សូលីដា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និងជាអភិបាលរងខណ្ឌ បានប្ដេជ្ញាចិត្តបន្តជម្រុញប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតនៅពេលខាងមុខ និងខិតខំអប់រំផ្សព្វផ្សាយ អនុវត្តវិធានការសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រៅពីត្រៀមកម្លាំងនារីចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោត និងការបន្តរុករក ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចាស់ជរា មានជម្ងឺ កុមារកំព្រា ស្ត្រីមានផ្ទៃពោះ និងការបន្តពង្រឹងសមាជិកចាស់ និងពង្រីកសមាជិកថ្មីនៅក្នុងមូលដ្ឋានបន្ថែមទៀត។

ជាមួយគ្នានេះ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ សរុបប្រមាណជា១២៧នាក់ បានទទួលការឧបត្ថម្ភជាថវិកាលើកទឹកចិត្តលើការងារ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងល្អប្រសើរ ក្នុងម្នាក់ៗ ចំនួន៤,០០០០រៀលផងដែរ ពីលោកស្រី ម៉ាណ ណាវី សមាជិការដ្ឋសភា មណ្ឌលភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ។

ការប្ដេជ្ញាចិត្តរបស់លោកស្រី សួស សូលីដា និងការឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមការងារ របស់លោកស្រី ម៉ាណ ណាវី និងលោក ឯក ឃុនដឿន បានធ្វើឡើងក្រោមការចូលរួមជាកិត្តិយសពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌ និងជាសមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោក ហៀ ហ៊ីន តំណាងឧត្តមសេនីយឯក យឹម លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ, លោកស្រី ចាន់ នីឡា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពឹញ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ណុប វុធ្ធី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ, លោកស្រី ឈិត រតនា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ និងអស់លោក-លោកស្រីជាសមាជិក-សមាជិកាបណ្ដាញសមាគមនារីខណ្ឌ-សង្កាត់ទាំង៧ សរុប១៤៤នាក់ នៅក្នុងពិធីសំណេះសំណាលដើម្បីរំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២១) ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីនេះ លោក ឯក ឃុនដឿន បានថ្លែងស្ងើចសរសើរ និងសូមអរគុណចំពោះវីរៈភាពដ៏ធំធេងបំផុត ដែលបងប្អូនយុវជន និងយុវនារីបានលះបង់ ក្នុងការចូលរួមជួុយបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងផ្តល់សេវានាៗបានល្អជូនសង្គមជាតិ និងប្រជាជន បន្ទាប់ពីលោក ជុំ បាយ័នវិបុល និងលោក ឡេង ចាន់វិសិដ្ឋ ក្នុងនាមក្រុមប្រឹក្សា និងសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ បានចូលរួមមតិផ្ដល់ឱកាសសំណេះសំណាល។

បើតាមលោកស្រី សួស សូលីដា បានលើកឡើងយ៉ាងដូច្នេះថា៖ ជាការពិតណាស់យើងខ្ញុំតែងតែចងចាំនូវគុណូបការៈ និងវីរៈភាពដ៏ធំធេងបំផុតដែលបងប្អូននារីរៀមច្បងបានចូលរួម លះបង់សាច់ស្រស់ ឈាមស្រស់ បូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីប្រជាជន ក្នុងការតស៊ូរំដោះប្រជាជន ដែលរងទុក្ខវេទនាក្រោមការជិះជាន់កាប់សំលាប់របស់របបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំយកនូវមហាជ័យជំនៈជាប្រវត្តិសាស្រ្តនៅថ្ងៃ ៧មករា ១៩៧៩។

សក្ខីកម្មជាប្រវត្តិសាស្រ្តនៃនយោបាយឈ្នះឈ្នះ របស់សម្តេច តេជោ ដែលបានបញ្ចប់សង្គ្រាម ដែលអូសបន្លាយជាងបីទស្សវត្ស នៅប្រទេសកម្ពុជា ដែលមានតែការបែកបាក់គ្នាអស់រយៈពេលរាប់រយឆ្នាំមកហើយនោះ និងបានប្រែក្លាយឱ្យមានឯកភាពជាតិ ឯកភាព ទឹកដី និងការបង្រួបបង្រួមជាតិខ្មែរតែមួយក្រោមម្លប់សុខសន្តិភាព នៅថ្ងៃ៩ ធ្នូ ១៩៩៨។

ក្រោយពីសង្រ្គាមបានបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដែលត្រូវបានបំផ្លិចបំផ្លាញបងប្អូននារីយើង ទាំងអស់បានចូលរួមជាមួយរាជរដ្ឋាភិបាលខិតខំស្តារ និងកសាងប្រទេសឡើងវិញ ពីបាតដៃទទេរហូតមកដល់មានជីវភាពស្ថេរភាពដល់សព្វថ្ងៃនេះ ដែលមានការឯកភាពជាតិទាំងស្រុង កំពុងបន្តធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ សមិទ្ធិផលជាច្រើនបាននឹងកំពុងរីកលូតលាស់រហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែងនាពេលចុងក្រោយនេះប្រទេសជាតិយើងក៏ដូចជាពិភពលោកទាំងមូលបានរងការរាតត្បាតនូវជម្ងឺកូវីដ-១៩ បងប្អូននារីយើងក៏បានរួមចំណែកទប់ស្កាត់ដោយបានចូលរួមស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងរាលដាល និងបាននាំគ្នាចូលរួមទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩។

បងប្អូននារីបានបំផុសប្រជាជនអោយទៅពិនិត្យឈ្មោះបោះឆ្នោតជាពិសេសយុវជន ដែលទើបគ្រប់អាយុ ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅមុនពេលដែលលោកស្រី ទូច សារ៉ុម បានមានប្រសាសន៍ បិទបញ្ចប់ពិធីសំណេះសំណាល ដើម្បីរំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(២ ធ្នូ ១៩៧៨-២ ធ្នូ ២០២១)៕