(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសមាជិកមួយរូបនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរមួយរូបប្រកបដោយ គុណវុឌ្ឍិដ៏ប្រសើរថ្លៃថ្លា មានទាំងចំណេះដឹង សមត្ថភាព គុណធម៌ដ៏ប្រពៃ សីលធម៌ខ្ពស់ សច្ចធម៌ដ៏ល្អ និងជាយុវជនដែលជាថ្នាក់ដឹកនាំមួយរូបពេញដោយថាមពល ឆន្ទៈមោះមុត មនសិការស្នេហាជាតិ គោរពស្រលាញ់យកចិត្តទុកដាក់ចំពោះប្រជាជនខ្មែរគ្រប់រូប និងហ៊ានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិដោយមិនខ្លាចនឿយហត់។

ឯកឧត្ដម ជាថ្នាក់ដឹកនាំមួយរូបដែលជាទីគោរពស្រលាញ់របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត យុវជន និងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការការពារសន្ដិសុខ សន្តិភាព សុខមាលភាព ការអភិវឌ្ឍ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាមានជំនឿជាក់យ៉ាងមុតមាំថា ឯកឧត្ដម ហ៊ុន ម៉ាណែត គឺពិតជាសាកសមជាឥស្សរជនជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេសជាតិដែលជាបេក្ខភាពមួយរូបនឹងទទួលបានប្រជាប្រិយភាពដ៏ច្រើនលើសលប់ ដើម្បីបន្តវេន្តការងារដឹកនាំការពារ សន្តិភាព បូរណភាពទឹកដី ស្ថិរភាព វិបុលភាព សេរីភាព ឯករាជ្យជាតិ ឯកភាពទឹកដី ឆ្ពោះទៅរក ការអភិវឌ្ឍកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរន៍ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕