(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានលើកឡើងថា ទីតាំងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ មានព្រះវិហារឥស្លាមអាល់សារកាលបឹងកក់ភ្នំពេញស្រាប់ ហើយនឹងត្រូវអភិវឌ្ឍបរិវេណនេះឲ្យទទួលបានមកវិញ នូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជា លើវវិស័យមួយចំនួន ពិសេស ការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា ចាស់ជរា អ្នកទីទាល់ក្រជាដើម។

ការលឡើងរបស់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ដឹកនាំដោយលោកលោក AYDA UNLU ឯកអគ្គរដ្ឋទូតប្រទេសតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានធ្វេីបទបង្ហាញដល់គណៈប្រតិភូពីប្រវត្តិ នៃកំណកំណេីតទីតាំងមជ្ឈមណ្ឌលនេះ និងបានលើកពីគម្រោងផែនការមេសំខាន់ៗ ដើម្បីអភិវឌ្ឍន៍បរិវេណនេះផងដែរ។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នេី TIKA ពិនិត្យមេីលលទ្ធភាពក្នុងការជួយអភិវឌ្ឍទីតាំងនេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម ក៏ដូចជារួមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គមជាតិទាំងមូល។

ជាកិច្ចឆ្លេីយតប ភាគី TIKA បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនានា ហើយទទួលយកសំណេីររបស់ទេសរដ្ឋមន្ត្រីទៅសិក្សា ដោយសន្យាថានឹងជួយសម្របសម្រួល ផ្តល់កិច្ចសហការជ្រោមជ្រែងលេីគម្រោងនេះ។

សូមបញ្ជាក់ថា TIKA គឺជាទីភ្នាក់ងារជាតិរបស់សាធារណរដ្ឋតួកគី ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។

ទីភ្នាក់ងារ TIKA មានស្នាក់ការនៅ៦០ប្រទេស ធ្វេីសហប្រតិបត្តិការនៅជាង១៥០ប្រទេស ដែលមានសកម្មភាពចំបងលេីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្ស។ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធធារាសាស្ត្រ អនាម័យ និងគម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់ និងជួសជុលសាលារៀន មន្ទីរពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ៕