(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ដឹកនាំដោយលោកស្រី AYDA UNLU ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការមនុស្សធម៌ ការសិក្សាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល ។

គួររម្លឹកផងដែរថា ក្នុងអំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្ដី អូស្មាន ហាស្សាន់ ក៏បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោក Serkan Kayalar ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) នៅទីក្រុងអង់ការ៉ា។

ទីភ្នាក់ងារ TIKA ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គមតាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។

ទីភ្នាក់ងារ TIKA មានស្នាក់ការនៅ៦០ប្រទេស ធ្វេីសហប្រតិបត្តិការនៅជាង១៥០ប្រទេស ដែលមានសកម្មភាពចំបងលេីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្ស។ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធធារាសាស្ត្រ អនាម័យ និងគម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់ និងជួសជុលសាលារៀន មន្ទីរ ពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ។

ដោយមេីលឃេីញពីវិសាលភាពដ៏ធំ និងសកម្មភាពដ៏ផុសផុលរបស់ TIKA នៅទូទាំងភិភពលោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានស្នេី TIKA បេីកស្នាក់ការនៅកម្ពុជា ដេីម្បីកាន់តែងាយស្រួលក្នុងការធ្វេីកិច្ចសហប្រតិបត្តការណ៍លេីវិស័យនានា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានស្នេី TIKA ផ្តល់អាហារូបករណ៍សិស្ស និស្សិតកម្ពុជាបន្តការសិក្សា នៅតាមសាកលវិទ្យាល័យ នៅប្រទេសតួកគី ជាពិសេសជំនួយផ្នែកបច្ចេកទេសហាឡាល និងជួយការងារមនុស្សធម៌ និងជំនួយគ្រោះធម្មជាតិជាដើម។

ជាកិច្ចឆ្លេីយតប ភាគី TIKA បានទទួលយកសំណេីនេះ ហេីយសន្យាថានឹងបន្តធ្វេីជាដៃគូល្អ ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការលេីរឿងនេះ៕