(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ បានប្រកាសលទ្ធផលជ័យលាភីប្រចាំឆ្នាំ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពី ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ដែលបានរៀបចំឡើង នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា។

កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ គឺជាឆ្នាំទី៧ នៃការរៀបចំកម្មវិធីពានរង្វាន់នេះឡើង ចាប់តាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។

ឆ្នាំនេះ មានបេក្ខជនប្រមាណ ២០០ បានដាក់ពាក្យប្រកួតប្រជែងក្នុងប្រភេទពានរង្វាន់ ចំនួន ៦ រួមមាន៖
(១) ពានរង្វាន់សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ
(២) ពានរង្វាន់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ
(៣) ពានរង្វាន់ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ
(៤) ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ
(៥) ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ
(៦) ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ

ក្នុងនោះ មានបេក្ខជនចំនួន ២៥ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសយ៉ាង សម្រឹតសម្រាំង ដើម្បីចូលរួមការប្រកួត វគ្គផ្តាច់ព្រាត់ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលនវានុវត្តន៍ កន្លងទៅនេះ។

បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា «ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា ក្នងឆ្នាំនេះ គឺបានឆ្លុះ បញ្ចាំងពីលទ្ធភាព និងសមត្ថភាពរបស់ក្រុមហ៊ុន បច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីថល ក្នុងការប្រែក្លាយបញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ១៩ ទៅជាឱកាស សម្រាប់កែប្រែប្រកបដោយនវានុវត្តន៍នូវផលិតផល និងគំរូអាជីវកម្ម ដើម្បីត្រៀមខ្លួនក្នុងការងើបឡើងវិញ នៃប្រតិបត្តិការអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី (New Normal)»

ការវិនិច្ឆ័យត្រូវបានរៀបចំឡើងយ៉ាងយ៉ាងម៉ត់ចត់ផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ ៤ រួមមាន៖ (១) នវានុវត្តន៍ឌីជីថល, (២) ការដោះស្រាយបញ្ហា, (៣) ប្រសិទ្ធភាពនៃប្រតិបត្តិការ, និង (៤) យុទ្ធសាស្ត្រទីផ្សារ ដោយគណៈចៅក្រម ដែលជាអ្នកជំនាញមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងអ្នកតំណាងមកពី វិស័យបច្ចេកវិទ្យានានាៗ។

គណៈចៅក្រមវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ ICT ឆ្នាំ២០២១ បានសម្រេចជ្រើសរើសបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ដែលបានបង្ហាញនូវនវានុវត្តន៍ដ៏ល្អបំផុត នៅក្នុងប្រភេទពានរង្វាន់នីមួយៗ។

បេក្ខភាពទទួលបានជ័យលាភី៖

១៖ ពានរង្វាន់ សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ គឺបានទៅលើ «QR Code Stop Covid» របស់ អនុគណៈកម្មការស្រាវជ្រាវ និងតាមដាន បុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩។
២៖ ពានរង្វាន់ ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ គឺ «PillTech Ordering Platform & PillTech Pharmacy Point of Sale» របស់ក្រុមហ៊ុន PillTech Solutions Co., Ltd។
៣៖ ពានរង្វាន់ បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំគឺ «កម្មវិធីស្វ័យសិក្សា MoEYS» របស់ក្រុមហ៊ុន E-School Cambodia។
៤៖ ពានរង្វាន់ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺ «Emergency Low-Cost Ventilator» របស់ក្រុមហ៊ុន ArrowDot Co., Ltd។
៥៖ ពានរង្វាន់ មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ គឺ "Sastra Film App" របស់ក្រុមហ៊ុន Sastra Media Co., Ltd
និងចុងក្រោយ
៦៖ ពានរង្វាន់ ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ «VET Food and Fruit Crisis Response» របស់ក្រុមហ៊ុន Vireak Buntham Express Co., Ltd ។

លោក ជា វ៉ាន់ដេត បានថ្លែងថា «ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា គឺជាគំរូនៃភាពជោគជ័យ របស់សហគ្រិនបច្ចេកវិទ្យា នវានុវត្តន៍ជន និងធុរកិច្ចថ្មី ឌីជីថលរបស់យើង សំដៅបំផុសគំនិតច្នៃប្រឌិត និងនវានុវត្តន៍ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល និងសង្គមសម្រាប់ប្រទេសយើង»

កម្មវិធីនេះរៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia) ព្រមទាំងកិច្ចខិតខំប្រឹងប្រែង របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ដៃគូសហការ បេក្ខភាពចូលរួម និងគណៈចៅក្រម។

គណៈកម្មការរៀបចំពិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរ ដល់ម្ចាស់ជ័យលាភី ទាំងអស់ដែលបានផ្តួចផ្តើម ក្នុងការផលិតនូវ ផលិតផល និងសេវាកម្មឈានមុខ សម្រាប់សង្គមឌីជីថលនៅកម្ពុជា៕