(ភ្នំពេញ)៖ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៉ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ និងធ្វើឲ្យកាន់តែស៉ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនៅក្នុងឱកាសនោះ លោកស្រីបានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ផ្ញើជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើតបវិញនូវសេចក្តីនឹករលឹកជូនចំពោះ លោក ចូកូ វីដូដូ ផងដែរ។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានកោតសរសើរអំពីការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យរបស់កម្ពុជា ខណៈកម្ពុជាកំពុងបើកឡើងវិញជាបណ្តើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ច។ លោកស្រី រ៉េតណូ អិល.ភី.ម៉ារស៊ូឌី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរតួនាទីដ៏សកម្មរបស់ឥណ្ឌូនេស៉ីនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៉ី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងបានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសនៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៉ី។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តប្រទេសទាំងពីរក្នុងការបន្តបើកជើងហោះហើរឡើងវិញ ដែលជាផ្នែកមួយនៃការតភ្ជាប់តំបន់ឡើងវិញ បន្ទាប់ពីមានការកាត់ផ្តាច់ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌូនេស៉ី ស្វែងរក កាលានុវត្តភាពនៅកម្ពុជាលើវិស័យដែលមានសក្តានុពល ដូចជាវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ កសិផល។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ក្នុងពេលថ្មីៗនេះដែលជាកង្វល់រួម ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

នៅថ្ងៃដដែលនោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានជួបពិភាក្សាទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្រ្ដីការបរទេសទាំងពីរបានវាយតម្លៃចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៉ី ដែលមានការរីកចម្រើនលើ
វិស័យនានាជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងការតភ្ជាប់ ដោយផ្អែកលើស្មារតីនៃការទុកចិត្តគ្នា យោគយល់គ្នា និងដើម្បីជាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លោក ប្រាក់ សុខុន បានកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌូនេស៉ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការកសាងសមត្ថភាពកងទ័ព ក៏ដូចជាវគ្គបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ និងអង្គភាពអង្គរក្សរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាព ជំរុញឲ្យភាគីទាំងពីរបង្កើនទ្វេដង នូវកិច្ចខិតខំប្រឹងប្រែងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកទឹកចិត្តបន្ថែមទៀតដល់
ក្រុមហ៊ុនឥណ្ឌូនេស៉ី ឲ្យមកធ្វើការបណ្តាក់ទុននៅកម្ពុជា ស្របតាមលក្ខខណ្ឌអនុគ្រោះសម្រាប់វិនិយោគិន ដោយយោងតាមច្បាប់ស្តីពីការវិនិយោគថ្មី។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងរំពឹងថាកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៉ី លើកទី៥ នឹងត្រូវរៀបចំឡើងនាពេលឆាប់ៗខាងមុខ នៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្រ្តីការបរទេសទាំងពីរបានផ្លាស់ប្តូរ ទស្សនៈគ្នាស្តីពីបញ្ហាផ្សេងៗដែលជាចំណាប់អារម្មណ៍រួម និងបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន (ASEAN) ដែលរួមចំណែកដល់សន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឥណ្ឌូនេស៉ី ចំពោះការគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដោយជោគជ័យ និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។

ដូចគ្នានេះដែរ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ក៏បានសម្តែងនូវអំណរគុណដល់កម្ពុជា ចំពោះការគាំទ្រការធ្វើជាប្រធាននៃកិច្ចប្រជុំ G-20 របស់ឥណ្ឌូនេស៉ី នៅឆ្នាំ២០២២ ក្រោមមូលបទ «ងើបឡើងវិញជាមួយគ្នា ងើបឡើងវិញកាន់តែរឹងមាំ»៕