(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដាស់តឿនថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តឱ្យបន្តពង្រឹងការងារមនុស្សធម៌ ដើម្បីបន្តការជួយប្រជាពលរដ្ឋ។

ការដាស់តឿនរបស់លោក សុខ លូ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងជួរគណៈកម្មាធិការសាខា និងមន្រ្ដីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក សុខ លូ បានពិភាក្សាបែងចែកតួនាទីភារកិច្ចគណៈកម្មាធិការសាខា ដើម្បីជួយក្នុងការងារពង្រឹងរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់មន្ត្រីប្រតិបត្តិសាខា និងការកៀរគរថវិកាពីសប្បុរសជននានា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌។

លោកក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិសាខាត្រូវបន្តរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទីភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា។

ក្រៅពីនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តបាត់ដំបង ជាពិសេសពង្រឹង និងជំរុញការងារផ្សព្វផ្សាយពីសកម្មភាពរបស់សាខាតាមបណ្តាញផ្សព្វផ្សាយផ្សេងៗឱ្យបានទូលំទូលាយបន្ថែមទៀត៕