(តាកែវ)៖ ដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ឱ្យរក្សាបាននូវការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ រដ្ឋបាលខេត្ដតាកែវ បានណែនាំការងារសំខាន់ៗ ៣ចំណុច ដល់អភិបាលគ្រប់ក្រុង ស្រុក ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ខ្ពស់។

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្ដតាកែវ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា សេចក្តីណែនាំទាំង៣ចំណុច រួមមាន៖

*ទី១៖ ត្រូវចូលរួមសហការចាត់តាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថក្រុង ស្រុក ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ តាមមណ្ឌល ប្រឡង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ និងចូលរួមសម្រួលសណ្តាប់ធ្នាប់ដល់គណៈមេប្រយោគ និងការដឹកហិបប្រធានវិញ្ញាសាពីសាលាខេត្តបន្តទៅសាលាក្រុង ស្រុក។

*ទី២៖ ធ្វើការផ្សព្វផ្សាយណែនាំម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងភោជនីយដ្ឋាន អាហារដ្ឋាន ស្នើសុំកុំឱ្យមានការតម្លើងថ្លៃបន្ទប់ និងម្ហូបអាហារនៅពេលដែល មាតា បិតា អាណាព្យាបាលសិស្ស នាំកូន ចៅ មកសម្រាកក្នុងរយៈពេលប្រឡង។

*ទី៣៖ សូមធ្វើការណែនាំដល់អាជីវករ ដែលប្រកបរបរថតចម្លងឯកសា ឱ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្ម ថតចម្លងរហូតដល់ចប់ការប្រឡង៕

ខាងក្រោមនេះជាលិខិតរបស់រដ្ឋបាលខេត្តតាកែវ៖