(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចឱ្យក្រុមការងារចុះពិនិត្យសិក្សា និងកំណត់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ទៅតាមរូបមន្តស្បែកខ្លា អនុវត្តតាមគោលការណ៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ស៊ីអេចភីបី ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍន៍បន្តលើផ្ទៃដីរបស់ខ្លួន ប្រកបដោយសុវត្ថិភាព និងស្របច្បាប់។

លោក វ៉ា ថន បានសម្រេចដូចនេះនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឱកាសបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារចុះសិក្សាលើទីតាំងដីដែលប្រជា ពលរដ្ឋមិនទាន់បានប្រើប្រាស់ និងដាំដុះក្នុងទីតាំងដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតក្នុងឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ នៅសាលប្រជុំសាលាខេត្តក្រចេះ។

លោក វ៉ា ថន បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវត្រៀមរៀបចំបិទផ្សាយនូវការចុះបញ្ជីដីឯកជនរបស់រដ្ឋនៅមូលដ្ឋានទំនាស់នោះ ជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយអាជ្ញាធរស្រុក ឃុំ និងក្រុមហ៊ុនត្រូវសហការគ្នា ដើម្បីចុះកាយ ប្រឡាយក្រវ៉ាត់ព្រំដីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ នឹងត្រូវប្រាកដថា ពុំមានការចូលទន្រ្ទានកាន់កាប់ដី ដោយខុសច្បាប់បន្តទៀតនោះទេ។

លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត បានលើកឡើងថា ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលលើផ្ទៃដីទំហំ ១២ ២០០.២៩ហិកតា។

លោកក៏បានរាយការណ៍ពីលទ្ធផលការងារចុះសិក្សា ផលប៉ះពាល់លម្អិតក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលក្រុមការងារចម្រុះខេត្ត ស្រុក បានចុះវាស់វែង និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋតាមរូបមន្ត ស្បែកខ្លា លើផ្ទៃដីទំហំ៧ ៥០៤.៩៧ហិកតា ដែលប្រជាពលរដ្ឋបានចូលទន្រ្ទានកាន់កាប់និងដាំដុះ និងផ្ទៃដីទំហំ ២ ៦៨៦.៨៦ហិកតា លើដីព្រៃឈរ ព្រៃកាប់រំលំ និងដីដែល ក្រុមហ៊ុនបានឈូសឆាយ សំអាតរួច និងដីដែលក្រុមហ៊ុនបានដាំដុះកៅស៊ូក្នុងឆ្នាំ២០១៤ ដើម្បីចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ជូនក្រុមហ៊ុនធ្វើការវិនិយោគបន្តផងដែរ៕