(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី ដែលបំពេញទស្សនកិច្ចនៅកម្ពុជាថា ទស្សនទានរបស់អាស៊ានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺត្រូវធ្វើយ៉ាងណាឱ្យមានគោលដៅ គាំទ្រដល់គោលដៅសន្តិភាព និងការអភិវឌ្ឍ កុំឱ្យមានការប្រឆាំងនឹងប្រទេសណានៅក្នុងតំបន់នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅឯវិមានសន្តិភាព។

ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារសំខាន់របស់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសការអនុវត្តទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ ដោយសម្តេចបញ្ជាក់ដូច្នេះថា៖ «ចំពោះទស្សនទានក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះ ជាពិសេសគឺធ្វើយ៉ាងណាឱ្យមានគោលដៅ គាំទ្រដល់គោលដៅសន្តិភាព និងការអភិវឌ្ឍ ធ្វើយ៉ាងណាកុំឱ្យមានការប្រឆាំងនឹងប្រទេសណានៅក្នុុងតំបន់នេះ និងសំខាន់ទៅទៀត គឺគាំទ្រតួនាទីស្នូល ឬមជ្ឈភាពអាស៊ាន នៅក្នុងតំបន់នេះផងដែរ»

ចំពោះទស្សនទានអាស៊ានឥណ្ឌូប៉ាស៊ីហ្វិកនេះ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានគាំទ្រ និងឯកភាពជាមួយសម្តេចនាយករដ្ឋមន្រ្តី នូវអ្វីដែលសម្តេចបានលើក។ លោកស្រី បានគូសបញ្ជាក់ថា នេះជាស្នូលជារឿងសំខាន់នៃអាស៊ាន ជាពិសេសធ្វើយ៉ាងណាឱ្យអាស៊ាន បន្តដើរតួនាទីស្នូល ហើយឥណ្ឌូនេស៊ី នឹងសហការជាមួយកម្ពុជា ក្នុងការរៀបចំ ផែនការសកម្មភាព ធ្វើយ៉ាងណាអាចអនុវត្តទស្សនទានអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនេះ៕