(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៤៨០២លេខ ទទួលបានចំណូល ប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥ ៣៦៤លេខ ទទួលបានចំណូលប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល

សរុបប្រមាណ ៦១ ៩២៥ ៥៥០ ៥០០រៀល ស្មើនឹង ១៥ ២០៣ ៥៥៨ដុល្លារ។

នេះបើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុ គណៈកម្មការ ផ្សព្វផ្សាយ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត ដោយមានការចូលរួមពី សមាជិក សមាជិកា នៃអនុគណៈកម្មការទាំងពីរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីជជែកពិភាក្សា ប្រមូលធាតុចូល ក៏ដូចជារាយការណ៍អំពីការងារសម្រេចបាន នាពេលកន្លង សំដៅរៀបចំជាបទបង្ហាញ អំពីសមិទ្ធផល រួមរបស់ គណៈកម្មការអន្តរក្រសួង ក្នុងការត្រៀមខ្លួនបានទាន់ពេលវេលា ដើម្បីរាយការណ៍ជូនសន្និបាតប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួង។

លើកឡើងនាឱកាសនោះលោកស្រី កុយ សុដានី ក៏បានគូសបញ្ជាក់ពីសមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មាន យ៉ាងទូលំទូលាយ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីភាពចាស់ទុំជាងមុន និងគួររតែលើកយកទៅបង្ហាញនៅ ក្នុងសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួង។

លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីផែនការសកម្មភាព ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការ អញ្ជើញ ក្រុមហ៊ុន ឱ្យ ធ្វើការជាមួយ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបានឯកភាពលើផែនការយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធ DIGITAL ការប្រារព្ធខួបពីរឆ្នាំ នៃការដាក់ឱ្យ ដំណើរការ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ តាម បណ្ដារាជធានី-ខេត្ត ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល នៅតាមរាជធានី-ខេត្ត។

លោកស្រី កុយ សុដានី ក៏បានឯកភាពលើការបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសឱ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា កម្រិតខ្ពស់ផ្នែក ដោះស្រាយ បញ្ហា និងបញ្ញា សិប្បនិម្មិត AI ដើម្បីឱ្យកាន់ការងារលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយក្រោយបញ្ចប់ការ បណ្តុះបណ្តាលក្រុមការងារបច្ចេកទេសនេះ មានសមត្ថភាព អាចធ្វើការ បានកាន់តែមានប្រសិទ្ធភាពជាងមុន ក្នុងការឆ្លើយតបនឹងទំហំការងារកាន់តែធំ ជាពិសេសអាចដោះ ស្រាយបញ្ហាប្រឈមនានាបានកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមពីនេះលោកស្រីរដ្ឋលេខាធិការ ក៏បានស្នើឱ្យអនុគណៈកម្មការជំនាញរៀបចំ របាយការណ៍អំពីសមិទ្ធផលការងារសម្រេចសំខាន់ៗជារួម ដាក់ជូនកិច្ច ប្រជុំ គណៈកម្មការអន្តរក្រសួងពិនិត្យ និងពិភាក្សា ដើម្បីត្រៀមខ្លួនបានទាន់ពេលវេលាក្នុងការចូលរួមរាយការណ៍ ជូនសន្និបាតប្រចាំឆ្នាំ២០២១ របស់ក្រសួង ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខផងដែរ៕